- ព័ត៌មានជាតិ

ស្គាល់​អត្តសញ្ញាណ​មន្ដ្រី​យោធា​យក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ នៅ​ស្រុក​អង្គស្នួល​, មហាជន​ចង់​ឲ្យ​ផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនបង្ក​

(​កណ្ដាល​)៖ អត្ដ​សញ្ញាណ​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្ដាល ដែល​ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ បណ្ដាលឲ្យ​ដួល​សន្លប់ ត្រូវបាន​សមត្ថកិច្ច​បង្ហាញហើយ មានឈ្មោះ ហេង គា​ហុង ជា​មន្ត្រី​យោធា​នៅ​តុលាការ​យោធា​ចំណុះ​ក្រសួង​ការពារជាតិ​។​

​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ដ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា ដើមចម​ដែល​នាំ​ឲ្យ​មន្ដ្រី​យោធា ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ​បណ្ដាលឲ្យ​បែក​ដួល​សន្លប់​ក្នុង​ថ្លុកឈាម​នេះ គឺ​ផ្ដើមចេញ​ពី​រឿង​បាត់​ស្បែកជើង​មួយ​គូ​របស់​ជន​បង្ក ហើយ​ជន​បង្ក​ហៅ​ប្រធាន​សន្ដិសុខ​មក​ដោះស្រាយ តែ​ប្រធាន​នោះ​ពន្យា​ពេល​មិន​ព្រម​មក ទើប​ធ្វើឲ្យ​ជន​បង្ក​ខឹងសម្បារ​តែម្ដង​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត រហូតមកដល់​ពេលនេះ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​យ៉ាងណាមិញ ជុំវិញ​ករណី​អំពើហិង្សា​ដែល​បង្ក​ដោយ​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ​នេះ ត្រូវបាន​មហាជន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការហួសចិត្ត និង​សម្ដែង​នូវ​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​ពួកគាត់​ទទូច​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មេត្ដា​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ចំពោះ​ជន​បង្កឲ្យបាន​ម៉ឹងម៉ាត់ ព្រោះ​ករណីនេះ​មិន​គួរ​ឲ្យ​កើតមាន​ទាល់តែសោះ​នៅក្នុង​សង្គម​។​

​គួរ​ជម្រាប​ថា មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ​ម្នាក់ និង​ត្រូវ​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សន្ដិសុខ​ម្នាក់ បណ្ដាលឲ្យ​ដួល​សន្លប់​ក្នុង​ថ្លុកឈាម​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២១​នេះ​។​

​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ ដែល​ដកស្រង់​សម្ដី​របស់​មន្ដ្រីនគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនបង្ក​គឺជា​ម្ចាស់​គ្លី​និច​នេះ​តែម្ដង ហើយក៏​ជា​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ​ផងដែរ បាន​ដក​កាំភ្លើង​វាយ​ក្បាល​សន្ដិសុខ​ម្នាក់ បណ្ដាលឲ្យ​ដួល​សន្លប់​ក្នុង​ថ្លុកឈាម នៅមុន​គ្លីនិច​។ ក្រោយ​បង្កហេតុ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​យក​ទៅ​សួរនាំ​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *