ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ដាក់ពន្ធនាគារព្រៃស ។
មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ គឺលោកស្នងការរងនគរបាលខេត្តកំពត និងបក្ខពួកចំនួន២នាក់ទៀត ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន និងបទ សម្អាតប្រាក់ ហើយបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការតាមនីតិវិធី។
សំណុំរឿងនេះ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង ក្រោយពីបញ្ចប់ការសួរនាំនោះ បានសម្រេចចោទប្រកាន់ជនទាំង៣នាក់នេះ ពីបទ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន និងបទ សម្អាតប្រាក់ តាមមាត្រា ៤០ និងមាត្រា៧២ ច្បាប់ស្តីពីការត្រូតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះមាន
១.ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ
២.ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ
៣.ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម ។
ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ៕






