ស្ទឹងត្រែង៖ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះសហការជាមួយ រដ្ឋបាលព្រៃឈើ បង្ក្រាបទីតាំងស្តុកឈើ អារគ្រឿង ប្រភេទលេខ១ និងលេខ២ ជាច្រើនម៉ែត្រគុប នៅចម្ការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។
ឈើដែលសមត្ថកិច្ច ចុះទៅបង្ក្រាបនោះ គឺជាឈើសន្ធិ គ្មានការអនុញ្ញាតដឹកជញ្ជូន ពីជំនាញរដ្ឋបាលពព្រៃឈើ គ្មានអ្នកចេញមុខទទួលខុសត្រូវ ដោយស្តុកទុកជាច្រើនគំនរ ក្នុងដីចម្ការកៅស៊ូ មួយកន្លែង។ តាំងពីព្រឹក រហូតមកដល់ល្ងាច ថ្ងៃទី ២៥ ខែមេសានេះ រថយន្តចំនួន ៤គ្រឿង ដឹកជញ្ជូនឈើទាំងនោះ មករក្សាទុក ដើម្បីបន្តនីតិវិធីច្បាប់។
ជុំវិញការចុះបង្ក្រាបនេះ សមត្ថកិច្ច ពុំបានឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធ ណាម្នាក់ឡើយ។ មន្ត្រីជំនាញ កំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី។
កម្លាំងកងរាជ អាវុធហត្ថ ចុះពិនិត្យដោយមានការសហការ ជាមួយរដ្ឋបាលព្រៃឈើ ឃើញថា ឈើទាំងនោះ ពុំមានឯកសារផ្សេងៗ មកបញ្ជាក់ឡើយ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា អមសាលដំបូងខេត្ត កម្លាំងសមត្ថកិច្ច ក៏បានសម្រេចធ្វើការដកហូត យកទៅរក្សាទុក នៅខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត។
ឈើដែលបានរឹបអូស ខាងលើ មានឈើគ្រឿងប្រភេទ (ខ្លុង) ចំនួន ១.២៣២ កន្ទុយ ឈើក្តាលេខ១ (ស្រឡៅ និងលេខ ២ ក្វាវ) ចំនួន ១.៣០២ សន្លឹក មិនទាន់ធ្វើការ វាស់វែងនៅ ឡើយ។ តែការប៉ាន់ស្មានប្រមាណជា ជាង ១០០ ម៉ែត្រគូប៕






