- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ទៅលើ​ជនជាប់ចោទ ជា​ឃាតក និង​ជា​ថៅកែ​បាញ់សម្លាប់​កម្មករ​របស់​ខ្លួន​ជា​ច្រើន​គ្រាប់​នោះ​ហើយ !

ខេត្ត​រតនគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី លោក នៅ យ៉ារ័​ត្ន និង​ជា​ប្រធាន​សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ ថៅកែ​ចម្ការកៅស៊ូ និង​ជា​ឃាតក​បាញ់សម្លាប់​កម្មករ​របស់​ខ្លួន​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត​នោះ​។ បន្ទាប់ពី​លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ធ្វើការ​ចោទប្រកាន់​ពីបទ​(​ឃាតកម្ម​)​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ថា​, អាច​នឹង​មាន​រឿង​ផ្ទៃក្នុង​ផ្សេង ទើប​ជនដៃដល់​បាញ់​សម្លាប់ ហើយ​យក​ហេតុផល​ថា​, ដោយសារ​ជនរងគ្រោះ​ញៀន​ថ្នាំ​ចង់វាយ​កញ្ចក់​រថយន្ត​របស់ខ្លួន​។ ប៉ុន្តែ​អាច​នឹង​មាន​រឿង​ជ្រៅ​ជាង​នេះ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ចៅក្រម​ស៊ើបសួរ បន្ត​ក្នុង​ការស្រាវជ្រាវ​រកឲ្យឃើញ​ដើមចម​នៃ​បទល្មើសឧ​ក្រិ​ដ្ឋ​នេះ​។

សូមបញ្ជាក់​ថា​, សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ឃាតក​ម្នាក់​ទៅ​តុលាការ កាលពី​រសៀល​ម្សិលមិញ បន្ទាប់​ពី​ឃាតករ​រូបនេះ បាន​បាញ់សម្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ មេសា កន្លងទៅ ជា​ច្រើន​គ្រាប់ បង្ហាញ​ពី​ភាព សាហាវ ឃោ​ឃៅ​បំផុត​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​, ឃាតករ​ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន រួម​ទាំង​វត្ថុតាង​អាវុធខ្លី ១​ដើម ម៉ាក្ស CF98 បង់​មួយ​មាន​គ្រាប់ ៤​គ្រាប់ សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​៥ និង​រថយន្ត​មួយ​គ្រឿង ទៅ​តុលាការ​នោះ មានឈ្មោះ លី ថេ​ងជាង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ ជា​មន្ត្រី​យោធា មាន​ស្រុកកំណើត​នៅ​ភូមិ​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គង​យុ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។​

គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង ២.៣០ រសៀល​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ មាន​ការផ្ទុះ​អាវុធ​ចំនួន ៥​គ្រាប់ ដែល​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​យោធា​ម្នាក់ និង​ជា​ម្ចាស់​ចំការកៅស៊ូ បាន​បាញ់សម្លាប់​បុរស​ម្នាក់​ជា​កម្មករ​របស់​ខ្លួន នៅក្នុង​ចម្ការ​កៅស៊ូ ស្ថិតក្នុង​ភូមិ​គង​យុ ឃុំ​ប៉ាត់តេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ប៉ុន្តែ​ក្រោយពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​បរ​កែវ ជនរងគ្រោះ​រូប​នេះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​តែម្ដង​។ សព​បុរស​កម្មករ ត្រូវ​ថៅកែ​បាញ់សម្លាប់​នោះ​មានឈ្មោះ រឹ​ម ចន្ថា អាយុ ៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។ ជនរងគ្រោះ​ត្រូវ​គ្រាប់​ចំ​ឆ្អឹងជំនី​ខាងស្តាំ ២​គ្រាប់ និង​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​១​គ្រាប់​។​
​បើទោះជា​យ៉ាងណា ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ឈាន​ដល់​ការបាញ់សម្លាប់​ជនរងគ្រោះ​ខាងលើ​នេះ នៅ​ជា​អាថ៌កំបាំង​នៅឡើយ​ទេ​។ ពីព្រោះ​មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នោះ យ៉ាងណាដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *