ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់អង្គុយនិយាយលេងក្រោមកង់ឡានដឹកដី ដល់ពេលថៅកុងឡើងបញ្ឆេះឡានស្រាប់តែជាប់លេខឡានបើកទៅមុខបណ្តាលឲ្យកិនស្លាប់យ៉ាងអណោចអាធ័ម នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន ឃុំសំបួរ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំង អ្នកបើកអេស្ការបានអង្គុយលេងនៅក្រោមកង់រថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរអ្នកបើករថយន្ត អង្គុយលេងជាច្រើនម៉ោង អ្នកបើកអេស្ការក៏ដើរទៅបើកអេស្ការដើម្បីកាយដី ចំំណែកឈ្មោះឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយបានបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីនៅជាប់ពីល្ងាចចេញពេលនោះជនរងគ្រោះមិនបានក្រោកចេញពីកង់ក្រោយរថយន្តនៅពេលដែលឈ្មោះឈុំ កញ្ញា បានបញ្ឆេះម៉ាស៊ីនបាញ់ខ្យល់ចាក់ដីចេញពីឡានក៏ស្រាប់តែឡានជាប់លេខហើយជ្រុលទៅមុខកិនជនរងគ្រោះដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយដឹងថា ឡានរបស់ខ្លួនកិនអ្នកបើកដឹកដីជាមួយគ្នាស្លាប់ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី។ក្រោយពីកើតហេតុហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករត្រូវបានកម្លាំងអធិការនគរបាលយកមករក្សាទុកនៅអធិការនគរបាលដើម្បីដោះស្រាយនៅពេលក្រោយ៕







