- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កម្លាំង​ផែន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ០១ ករណី នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៣ នាក់​

​ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការណែនាំ​ពី ឯកឧត្តម ប៉ែន កុសល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ឧត្តរមានជ័យ និង​មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​! នៅ​យប់​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ កម្លាំង​ផែន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​មាន​ការចូលរួម​ពី​កំលាំង​ប៉ុស្ដិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០១ ករណី នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣ នាក់ (​ប្រុស​)÷
១-​ឈ្មោះ អឹម រតនា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង
២-​ឈ្មោះ​ង៉ែត រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។​
៣-​ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​បុស្ស ស​/​ក កូន​គ្រៀល ក្រុង សំរោង ។

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ៖ ម៉ា​ទឹកកក​ចំនួន​០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្ត​ចំនួន​០១ គ្រឿង ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ករណី​នេះ​បាន​បន្ត​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៨ : ៣០​នាទី បាន​បន្ត​ឃាត់ខ្លួន បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង (​អនុវត្តន៍​តាម​ដីកា​) និង​ជា​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ប្រព្រឹត្តល្មើស​ជាច្រើន​ករណី​ដូច​ជា​នៅ​ឆ្នាំ​២០១៤ ធ្លាប់​ជា​ប់​ពន្ឋនាគារ​ពី​បទ កាច់​សោរ​ម៉ូតូ​យ៉ាង​សកម្ម និង​ជួញដូរ​គ្រឿងញៀន និង ឆ្នាំ​២០១៧ បានជា​ប់​ពន្ឋនាគារ​ម្ដងទៀត ករណី ជួញដូរ​គ្រឿងញៀន​។ ហើយ​បន្ទាប់មក នៅ​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ បានធ្វើ​សកម្មភាព បាញ់ប្រហារ មក​លើ​សមត្ថកិច្ច​យើង​ធ្វើអោយ​របួស​នគរបាល ០១ នាក់ ហើយ​មាន​ដីកា​អោយ​នាំខ្លួន ពីបទ​.​ប៉ុនប៉ង​ឃាតកម្ម ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ។​

​ជនសង្ស័យ​ទាំង​០៤ នាក់​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

Leave a Reply

Your email address will not be published. Required fields are marked *