មណ្ឌលគិរី: នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យតាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ។
ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលធ្វើឡើងនៅត្រង់ចំណុចរមណីយដ្ឋានកាំពី ខេត្តក្រចេះ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១–ឈ្មោះសារី គ្រីយ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ ។
២–ឈ្មោះ ហាំ ប៉ូលី ភេទប្រុស អាយយុ ៤១ ឆ្នាំ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ពីបទ ប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២១ នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទាំងពីរនាក់ បាននាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ជូនតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីតាមច្បាប់ ។
គួរបញ្ជាក់ ជនសង្ស័យឈ្មោះ សារី គ្រីយ៉ា ជាមេឈ្មួញរកសុីខុសច្បាប់ដ៏ល្បីឈ្មោះម្នាក់ប្រចាំស្រុកកែវសីមា និងជាអ្នកគៀងគរមនុស្សឲ្យចូលទៅលួចកាប់បំផ្លាញព្រៃឈើក្នុងដែនដែនអភិរក្សសត្វព្រៃកែវសីមា និងជាបុគ្គលល្បីឈ្មោះខាងកាប់ទន្ទ្រានដីព្រៃអភិរក្សយកធ្វើកម្មសិទ្ធិផងដែរ។
កាលពីឆ្នាំ២០១៩ បុគ្គលឈ្មោះ សារី គ្រីយ៉ា នេះត្រូវបានតុលាការខេត្តមណ្ឌលគិរីចេញដីកាស្វែងរកចាប់ខ្លួនម្តងហើយ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើ ប៉ុន្តែមានសំណាងបានរួចខ្លួន និងកាន់ល្បីឈ្មោះលើសពេលមុនខាងជំនួញឈើខុសច្បាប់នៅក្នងឆ្ន្នាំំ២០២០-២០២១ ទីបញ្ចប់ត្រូវអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ខេត្តមណ្ឌលគិរីបានសម្រេច ក្រោមបណ្តាសាររុក្ខទេវតារក្សាព្រៃភ្នំ៕







