ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ តុលាការបានសម្រចឃុំខ្លួនឃាត.ក ម្នាក់ដែលកាប់ចិញ្ច្រាំសម្លាប់គូដណ្ដឹងយ៉ាងឃោរឃៅ ។
ក្នុងដីកាបានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឡូញ សុភារ៉ា ហៅ ភារ៉ា ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ កាន់សាសនា ព្រះពុទ្ធ មានទីកន្លែងកំណើត ភូមិដូងជ្រុំ សង្កាត់ព្រៃញីក្រុង ខេត្តពោធិ៍សាត់ មានទីលំនៅមុនពេលឃាត់ខ្លួន ស្ថិតនៅភូមិស្ថានីយ៍សង្កាត់ស្វាយអាត់ក្រុង ខេត្តពោធិ៍សាត់ មុខរបរលក់ដូរ ។
បុរសនេះរៀបការប្រពន្ធឈ្មោះ ពុទ្ធ គង់ធារ័ត្ន (លែងលះ) មានកូន ២ នាក់ឪពុក (ស្លាប់) និងម្ដាយឈ្មោះ ឡាច ស៊ីថន ប្រវត្តិនៃការផ្ដន្ទាទោសពីតុលាការ (គ្មាន) ជានីតិជន ។
ឈ្មោះ ឡូញ សុភារ៉ា ត្រូវចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ប្រព្រឹត្តនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ក្រុង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។ បទល្មើសដែលមានបញ្ញតិឲ្យផ្ដន្ទាទោសមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា ជនត្រូវចោទ ឡូញ សុភារ៉ា ហៅភារ៉ា បានធ្វើសកម្មភាពកាប់សម្លាប់ដែលគេអះអាងជាគូដណ្ដឹងឈ្មោះ ស៊ុ ចាន់នី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បានរស់នៅជាមួយគ្នារយៈពេលចំនួន ៦ ឆ្នាំមកហើយ បន្ទាប់ពីខ្លួន (ឡូញសុភារ៉ា) បានលែងលះជាមួយប្រពន្ធដើម ។
ឈ្មោះ ឡូញ សុភារ៉ា បានប្រើប្រាស់ពូថៅកាប់លើគូដណ្ដឹងសុសសាច់ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃ នៅក្នុងផ្ទះកំពុងសាងសង់ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ក្រុង.ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រួចក៍គេចខ្លួនបាត់មួយរយៈ ។ តែក្រោយមក សមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ខ្លួនបាន៕







