ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានលើកគ្នាមកដាក់ពាក្យបណ្តឹងនេះ ក្រោយពេលដែលពួកគាត់បានយកឯកសារប័ណ្ណក្រីក្រនិងលិខិតបញ្ជាក់ពីអាជ្ញាធរទៅប្រគល់ឲ្យលោក ជា កុយ ស្នើសុំដីតាមការប្រកាសរបស់លោក ជា កុយ ថាប្រគល់ដីជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០ គ្រួសារ តាំងពីមុនបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី6 រហូតមកបច្ចុប្បន្នបាត់ដំណឹងសូន្យឈឹង។ ដីធ្លីក៏មិនបាន ឯកសារក៏លោក ជា កុយ មិនទាន់បានប្រគល់ឲ្យពួកគាត់វិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីលោក ជា កុយ បានប្រកាសជាសាធារណៈ តាមបណ្ដាញសារព័ត៌មានទូរទស្សន៍ និងគេហទំព័រជាដើម នូវបំណងរបស់លោក ជា កុយ ថានឹងចែកដីជូនប្រជាជនក្រីក្រដែលមានភ្ជាប់លេខទូរសព្ទផង 011-016 (979298) ។ ពេលបានឃើញព័ត៌មាននេះ យើងខ្ញុំបានតេទូរសព្ទទាក់ទងគាត់ ដោយគាត់បានឱ្យយើងខ្ញុំដាក់ពាក្យ (ភ្ជាប់នូវប័ណ្ណក្រីក្រ លិខិតបញ្ជាក់ពី ភូមិ-ឃុំ ថាពិតជាក្រីក្រ) នៅការិយាល័យរបស់គាត់នៅភូមិត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅអំឡុងមុនរដូវឃោសនាបោះឆ្នោតសកល ។
ក្រោយពីបោះឆ្នោតរួចមក យើងខ្ញុំបានទាក់ទងទៅលោកជាកុយដោយគាត់ថា រង់ចាំបង្កើតរដ្ឋាភិបាលសិនក្រោយពីបង្កើតរាជរដ្ឋាភិបាលហើយ គាត់ថាចាំមើលចៅហ្វាយខេត្ត ចៅហ្វាយស្រុកថ្មីសិន ។ ការចែកដីនេះចេះតែយូទៅៗ យើងខ្ញុំបានតេសួរនាំទៀត គាត់បង្វែរឲ្យទៅសួរម្ចាស់មូលនិធិលេខទូរសព្ទ (លេខ 067327777) តែម្ចាស់លេខនេះមិនមានព័ត៌មានអ្វីនោះទេ ពោលគឺបង្វែរឲ្យមកសួរលោក ជា កុយ វិញ ។
រយៈពេលជិតមួយឆ្នាំមកនេះ យើងខ្ញុំតែងទន្ទឹងពីការសន្យាចែកដីរបស់គាត់ តែហាក់ដូចជាល្បែងបោកប្រាស់ប្រជាជនទាំងស្រុង ។ ដូច្នេះសូមលោកអភិបាលស្រុក មេត្តាជួយរកភាពខុសត្រូវ ព្រោះយើងខ្ញុំបានប្រើប្រាស់ថវិកាឡើងចុះមករកការិយាល័យគាត់ដោយមានការខ្ចីលុយចងការគេផង ។
ពួកគាត់ថា ការសន្យាខ្យល់នេះ ប្រសិនបើ ខាងសាលាស្រុក មិនអាចសំរបសំរួលបាន ពួកគាត់នឹងស្វែងមេធាវី ពិសេសមេធាវី ខាងសម្តេច តេជោ ហ៊ុន សែន អោយជួយសិក្សារឿងនេះ បើអាចទៅរួច ពួកគាត់នឹងទារជំងឺចិត្ត អោយធ្ងន់ធ្ងរតែម្តង ដើម្បីកុំអោយដើរបោកប្រាស់គេទៀត ។






