- ព័ត៌មានជាតិ

ប្រធាន​តុលាការខេត្ត​មណ្ឌល​គី​រី សរសេរ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ជូន​ចំពោះ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្ត​ច​តេជោ​នាយករដ្ឋមន្ត្រី​

(​ភ្នំពេញ​)៖ លោក ទៀង សុថា ប្រធាន​តុលាការខេត្ត​មណ្ឌល​គី​រី នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​សរសេរ​លិខិត​ផ្ញើ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្ត​ច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​ឈ្មោះ លោក ហូ សិទ្ធី ទៅ​កៀបសង្កត់​បង្ខំ​ឲ្យ​ម្ចាស់​ដី​ដែល​មាន​រឿង ឲ្យ​ចែក​ដី​ដល់​បក្ខពួករ​បស់​ខ្លួន​។​

​នៅក្នុង​លិខិត​សុំ​ទោស​ជា​សាធារណៈ​នេះ លោក ទៀង សុថា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំបាទ​សូម​អភ័យទោស​ពី​ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ខ្ញុំបាទ​បាន​យកឈ្មោះ​ឯកឧត្តម​មក​ប្រើ ដែល​ខ្ញុំ បាទ​បាន​ប្រើ​ពាក្យ​មិន​គប្បី​ថា “​ឯកឧត្តម ហូ សិទ្ធី តេ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី​” តាមពិត​ឯកឧត្តម ពុំ​បាន​តេ​ទូរស័ព្ទ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី​នោះទេ ដែល​ជា​កំហុស​ឆ្គង​នេះ ខ្ញុំបាទ​សូម​ទទួលស្គាល់​កំហុស​ទាំង​នេះ និង សូម ឯកឧត្តម មេត្តា​អភ័យទោស ដល់​រូប​ខ្ញុំបាទ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឯកឧត្តម ជា​នាយក​ខុទ្ទកាល័យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​បន្ទាប់ពី​បាន​សុំ​ទោស​ជា​សាធារណៈ​ហើយ​នោះ លោក ទៀង សុថា បាន​ជូនពរ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យមាន​សុខភាព​ល្អ​បរិបូណ៍ ប្រាជ្ញា​ឈ្លាសវៃ និង​ដើម្បី​បន្ត​ចូលរួម​ដឹកនាំ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត​រៀង​ទៅ​។​

​ការ​ចេញ​មក​សុំ​ទោស​ពី​សំណាក់​លោក ទៀង សុថា ប្រធាន​តុលាការ​នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីបំភ្លឺ​មួយ ព្រមទាំង​ព្រមាន​ប្តឹង​ទៅ​កាន់​អង្គភាព ACU ចំពោះ​ការផ្សព្វផ្សាយ​ថា មាន​ការ​យក​ឈ្មោះ​របស់​លោក «​ហូ សិទ្ធី​» កៀប​រឿង​ដីធ្លី​មួយ​កន្លែង នៅ​ខេត្ត​មណ្ឌលគិរី​៕

Leave a Reply

Your email address will not be published. Required fields are marked *