- ព័ត៌មានជាតិ

មន្ត្រី​យោធា និង​អាជ្ញាធរ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដើម្បី​សម្រួល​ដល់​ការលំបាក នៅ​មូលដ្ឋាន​ក្រុង​ក្រចេះ​

(​ក្រចេះ​)៖ លោក​វរសេនីយ៍ទោ សុះ ហូ​សេន នាយរង​ផ្នែក​អធិការកិច្ច​កង​ទព័​ជើងគោក ប្រចាំ​ខេត្ត​ក្រចេះ រួម​នឹង​អាជ្ញាធរ​ក្រុង សង្កាត់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​នាំ​អំណោយ​ចុះ​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ម្នាក់ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ប្រចាំកាយ​ដេក​នៅ​នឹង​កន្ទេល អស់​រយៈ​ជាច្រើន​ខែ មិន​មាន​ប្រាក់​ព្យាបាល ដែល​រស់នៅ​ភូមិ​ការ​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

​ស្ត្រី​ដែល​ទទួលបាន​អំណោយ​រូបនេះ មានឈ្មោះ អែម សឿន អាយុ​៤៦​ឆ្នាំ ធ្លាក់​ពី​លើក​ផ្ទះ បាក់ឆ្អឹង​ក និង​បាក់ជើង​ម្ខាង អស់​រយៈពេល ៤​ខែ​មក​ហើយ ត្រូវបាន​បងប្អូន​សាច់ញាតិ​យក​ទៅ​ព្យាបាល នៅ​ប្រទេស​ថៃ អស់​លុយ​ក៏​យក​ត្រលប់​មកវិញ រហូតមកដល់​ពេល​ប​ច្ច​ប្បន្ន​នេះ គាត់​កំពុង​ស្នាក់នៅ​ផ្ទះ​។​

​លោក សុះ ហូ​សេន បានឲ្យដឹងថា ក្រោយពី​លោក​ទទួល​ដំណឹង​ពី​ស្ត្រី​មាន​ជំងឺ​នេះ លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ នាំយក​អំណោយ​ចែកជូន​ស្ត្រី​រូប​នោះ ដើម្បី​កាត់បន្ថយ​ភាពលំបាក​របស់គាត់​។ អំណោយ​ទាំងនោះ​រួមមាន​៖ អ​ង្ក​១​បេ ៥០​គីឡូក្រាម​, មី​១​កេះ ទឹកត្រី​១​យួ​, ស្កសរ ១​គីឡូក្រាម​, បី​ចេង​១​កញ្ចប់​, អំបិល ១​គីឡូក្រាម និង​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល ហើយ​ថវិកា​ទាំងនេះ ជា​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ហើយ​ក្នុងការ​នាំយក​អំណោយ​ចែក​ជូន​ស្ត្រី​រូបនោះ លោក​ចាងហ្វាង​កាសែត​រស្មី​ក្រចេះ ក៏​បាន​ឧបត្ថម្ភ​ដល់​ស្ត្រី​រូប​នោះ​ចំនួន ១០​ម៉ឺន​រៀល​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​បងស្រី​របស់​ស្ត្រី​រូបនេះ បានឲ្យដឹងថា ប្អូនស្រី​របស់​គាត់ បាន​ធ្លាក់​ពី​លើក​ផ្ទះ បាក់ឆ្អឹង​ក និង​បាក់ជើង​ម្ខាង អស់​រយៈពេល ៤​ខែ​មក​ហើយ ត្រូវបាន​យក​ទៅ​ព្យាបាល នៅ​ប្រទេស​ថៃ​មួយ​រយៈពេល​ខ្លី អស់​ប្រាក់​ព្យាបាល​ក៏​យក​ត្រឡប់មកវិញ ហើយ​មក​ស្នាក់នៅ​ផ្ទះ​របស់​គាត់​តែម្ដង ហើយ​បច្ចុប្បន្ន​នេះ គ្មាន​លុយ​ព្យាបាល​នោះ​ទេ ប្ដី​របស់​ស្ត្រី​រងគ្រោះ​នោះ មាន​មុខរបរ​ជា​អ្នក​ឃ្វាលគោ​ឲ្យគេ គ្មាន​លទ្ធភាព​រក​ប្រាក់​ព្យាបាល​ប្រពន្ធ​បាន​នោះទេ ហើយ​គាត់​ជា​បងស្រី​ក៏​គ្មាន​លទ្ធភាព​រក​លុយ​ព្យាបាល​ប្អូន​បានដែរ​។​

​ដោយសារ​ស្ត្រី​ជរា​ខាងលើ មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ អង្គុយ​មិនកើត និយាយ​មិន​រួច ស្ត្រី​ដែល​ជា​បងស្រី​បង្កើត ក៏​បាន​លើ​ដៃ​ទាំង​ទ្វេរ​សំពះអង្វរ​ដល់​ថ្នាក់ដឹកនាំ និង​សប្បុរស​ធ​ម៍​មេត្តា សណ្តោស​ប្រោះ​ប្រណី​ដល់​ប្អូនស្រី​គាត់​ផង ដែល​កំពុង​ជួប​ទុក​លំបាក​វេទនា ដោយ​បាក់ឆ្អឹង​ក បាក់​ជើង​ម្ខាង ដេក​នឹង​កន្ទេល រហូត​ក្លាយជា​ដំបៅ​លើ​ដងខ្លួន ដោយសារ​គ្រួសារ​ទី​ទល់​ក្រ គ្មាន​ទីពឹង និង​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *