- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន រៀបចំ​អាហារ​ពេលព្រឹក​លក្ខណៈ​គ្រួសារ ជូន​ប្រមុខ​រដ្ឋ​វៀតណាម និង​សម្តែង​ក្តី​សោមនស្ស​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​

(​ភ្នំពេញ​)៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ថ្ងៃទី​២​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​ជូន​លោក ង្វៀន សួន​ហ្វ៊ុក ប្រមុខ​រដ្ឋ​របស់​វៀត​ណា​ម​។​

​ក្នុង​ពី​ធី​ទទួលទាន​អាហារ​ការងារ​នេះ មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​, លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី ចូលរួម​ផង​ដែរ

​ក្នុងជំនួប​អាហារ​ពេលព្រឹក ដែល​ធ្វើឡើង​នៅ​ភូមិគ្រឹះ​ក្នុង​ក្រុង​តាខ្មៅ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​សិទ្ធ​ស្នាល​រ៉ាក់ទាក់​បំផុត ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម ដែល​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត អញ្ជើញ​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​នៅ​ភូមិគ្រឹះ​របស់​សម្តេច​។

​នៅក្នុង​ពិធី​ទទួលទាន​អាហារ​ពេលព្រឹក​ជា​លក្ខណៈ​គ្រួសារ​ដែល​បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង សម្តេច​តេជោ ហ៊ុន សែន និង​ប្រធាន​រដ្ឋ​វៀតណាម បាន​ធ្វើ​ការផ្តាល់ប្តូ​រយោ​លបល់​ពីគ្នា​ទៅវិញទៅមក​ជុំវិញ​ការងារ​មួយចំនួន ដែល​សម្តេច និង​ប្រធាន​រដ្ឋ​វៀតណាម ធ្លាប់បាន​ធ្វើ​ជាមួយគ្នា ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​។ ក្នុងនោះ​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ និង​ការដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន ដែល​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ជាពិសេស​ការខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ទំហំ​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​លោក​ប្រធាន​រដ្ឋ​វៀតណាម បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​សាជាថ្មី​ម្តងទៀត ចំពោះ​លទ្ធផល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់លោក ង្វៀន សួន​ហ្វ៊ុក មកកាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋ​វៀតណាម កាលពី​ពេល​ថ្មី​កន្លងទៅ​។

​ក្នុងជំនួប​នោះ​ដែរ លោក ង្វៀន សួន​ហ្វុក បាន​សាទរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​និង​សំខាន់ៗ ដែល​កម្ពុជា និង​ប្រជាជន​កម្ពុជា សម្រេចបាន​។ ជា​ពិសេស​ការអភិវឌ្ឍ​ជាតិ ស្ថិរភាព​នយោបាយ​សង្គម លើកកម្ពស់​តួនាទី និង​មុខមាត់​របស់​ប្រទេស​កម្ពុជា នៅក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។ ជាមួយ​នោះ​ដែរ ភាគី​ទាំងពីរ បាន​សំដែង​នូវ​ការពេញចិត្ត ចំពោះ​ការរីកចំរើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយ​គ្រប់​ជ្រុងជ្រោយ និង​ជិតស្និទ្ធ នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ក្នុង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​វៀតណាម ក្នុង​រយៈពេល ៥៥​ឆ្នាំកន្លងមក ទោះបីជា​ស្ថិត​នៅក្នុង​បរិបទ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។

​ភាគី​ទាំងពីរ​ក៏​បាន​អបអរសាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ និង​បាន​ឯកភាព​គ្នា​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្ដី​ពី​ការលើកកម្ពស់ និង​ការការពារ​វិនិយោគ និង​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម តាម​បែប​ថ្មី និង​បាន​ព្រមព្រៀងគ្នា ជំរុញ​ការរៀបចំ​ផែនការមេ ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​-​វៀតណាម​។

​ភាគ​ទី​ទាំងពីរ ក៏​បាន​ឯកភាព ក្នុងកា​រ​ពន្លឿន​ការចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ស្តីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​បាន​ឯកភាព​គ្នា​ថែមទៀត ក្នុងកា​រ​ពន្លឿន​កិច្ចពិភាក្សា ឆ្ពោះទៅ​កាន់​ការទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​លិខិតឆ្លងដែន វិញ្ញាបនបត្រ​បញ្ជាក់​វ៉ាក់សាំង ដើម្បី​សម្រួល​លើ​ការធ្វើដំណើរ​របស់​ប្រជាជន​ទាំង​សងខាង​ផង សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ផង​។ លើស​ពី​នោះ​ទៀត ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ក្នុង​ការជំរុញ និង​ពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​យុត្តិធម៌ និង​ការតភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​ទាំងពីរ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅលើ​ឆាក​អន្តរជាតិ និង​ក្នុង​តំបន់​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ង្វៀន សួន​ហ្វុក ដែល​កន្លងមក​បាន​គាំទ្រ​ដល់​កម្ពុជា ធ្វើឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុ​ង​កិច្ចប្រជុំ​អា​ស៊ឹម ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក ង្វៀន សួន​ហ្វុក ដែល​បាន​មានប្រសាសន៍ថា នឹង​គាំទ្រ​កម្ពុជា ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នាពេលខាងមុខ ក្នុងនាម​កម្ពុជា ជា​ប្រធាន​អាស៊ាន​៕

Leave a Reply

Your email address will not be published. Required fields are marked *