- ព័ត៌មានជាតិ

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​បទបញ្ជា​រដាច់​ខាត​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ត្រូវ​ស្រាវជ្រាវ​ចាប់​អោយ​បាន​

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​សៅរ៍ ៦​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​មាន​ការដឹកនាំ​បញ្ជារ ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្ក្រាប ករណី ករណី ប៉ុនប៉ង​មនុស្សឃាត ,​កាន់កាប់​រក្សាទុក ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ប៉ុនប៉ង​ចាប់ជំរិត ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​។​

​សុំ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ១៣ និង ២០​នាទី មាន​ជនសង្ស័យ ០២​នាក់ ជា​ជនជាតិ​ចិន ភេទ​ប្រុស ១-​ឈ្មោះ JIANG FENG ,២-​ឈ្មោះ BAO JIE បាន​ទៅ​ជួប​អ្នក​គ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស នៅខាងមុខ​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស ស្ថិតនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ជនសង្ស័យ​ទាំង ០២​នាក់ សុំចូល​ធ្វើការ​នៅ​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស ហើយ​ជនសង្ស័យ​ទាំង ០២​នាក់ បាន​សុំ​ខ្ចី​លុយ​ពី​អ្នកគ្រប់គ្រង ក្នុង​ម្នាក់ ១៨,០០០$ (​មួយ​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​អាមេរិក​) សរុប​ទាំង ០២​នាក់ ចំនួន ៣៦,០០០$ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ​អាមេរិក​)

​លុះ​ក្រោយពេល​ដែល​អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស បាន​វេរ​លុយ​ឲ្យ​ជនសង្ស័យ​ទាំង ០២​នាក់ រួចមក ស្រាប់តែ​ជនសង្ស័យ​ទាំង ០២​នាក់ ព្យាយាម​ចាប់​ខ្លួន​អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស ដោយ​ជនសង្ស័យ​ឈ្មោះ JIANG FENG យក​កាំភ្លើង​ខ្លី ០១​ដើម ភ្ជុង​ក្បាលពោះ​ជនរងគ្រោះ រីឯ​ជនសង្ស័យ​ឈ្មោះ BAO JIE ចាប់​ក្រៀក​ក ហើយ​ក៏​ត្រូវ​បាន​សន្តិសុខ និង​បុគ្គលិក​របស់​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស ឃើញ ក៏​បាន​ចូល​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ទាំង ០២​នាក់ ដោយ​ឃើញ​សភាពការណ៍​មិន​សូវ​ស្រួល ជនសង្ស័យ​ឈ្មោះ JIANG FENG បាន​ទាញ​កាំភ្លើងខ្លី​របស់​វា បាញ់​សំដៅ​ទៅ​សន្តិសុខ និង​បុគ្គលិក​របស់​សណ្ឋាគារ កាស៊ីណូ វិមាន​ខ្សាច់មាស ០១​គ្រាប់ បណ្តាលឲ្យ​ត្រូវ​សន្តិសុខ​ជនជាតិ​ចិន​ម្នាក់ រងរបួស​ត្រង់​ក្បាលពោះ បៀម​គ្រាប់​ជាប់​ខាងក្នុង បន្ទាប់​មក​ជនសង្ស័យ​ទាំង ០២​នាក់ បាន​នាំគ្នា​រត់​គេចខ្លួន​បាត់អស់ ។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋានន​គរបាល​ក្រុងព្រះសីហនុ កម្លាំង​អន្តរាគមន៍​ពិសេស ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​វេលា​ម៉ោង ១៤ និង ៣០​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ឈ្មោះ BAO JIE រីឯ​ជនសង្ស័យ ០១​នាក់​ទៀត ឈ្មោះ JIANG FENG ជា​ជនដៃដល់ បាន​រត់គេចខ្លួន ព្រមទាំង​យក​កាំភ្លើង​ខ្លី​ទៅ​ជាមួយ ។​

​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហកា​រណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បន្ត​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ JIANG FENG រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ វេល​ម៉ោង ១៦ និង ៣០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ JIANG FENG ដែល​កំពុង​សំងំ​លាក់ខ្លួន​នៅ​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ស្ថិតនៅ​ភូមិ​អ៊ុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​កាំភ្លើងខ្លី ចំនួន ០១​ដើម ដែល​ជនសង្ស័យ​យក​ទៅ​លាក់ទុក​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ម្តុំ អ៊ិល​វីចាស់ ។​
​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ ប៉ុនប៉ង​ចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ ដែល​ជា​សន្តិសុខ រងរបួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ០១​គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ សន្តិសុខ​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់មាស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ត្រូវ​គ្រាប់កាំភ្លើង ០១​គ្រាប់ ត្រង់​ក្បាលពោះ បៀម​គ្រាប់​ជាប់​ខាងក្នុង កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ចិន ស៊ី​កាង​អ៊ី​យៀន ។

​ចំណែក​ជនសង្ស័យ​ទាំង ០២​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ JIANG FENG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

២-​ឈ្មោះ BAO JIE ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខៈ EH0751542 មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​វត្ថុតាង​ដកហូត​បាន​រួម​មាន​៖
-​កាំភ្លើងខ្លី ០១​ដើម ម៉ាក ZORAKI M906-TD ពណ៌​ទឹកប្រាក់​-​ខ្មៅ មាន​លេខ​សម្គាល់ៈ 000168
-​បង់​កាំភ្លើង ០១ មាន ០៥​គ្រាប់​
-​បំពង់​ផ្ទប់​សម្លេង (​ស៊ី​ឡង់​) ០១ ពណ៌​ខ្មៅ​
-​ខ្នោះដៃ ០២​គូរ​
-​ពិល​ឆក់ ០១​គ្រឿង​
-​ស្កុត ០១​ដុំ ៕

Leave a Reply

Your email address will not be published. Required fields are marked *