- ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​អបអរសាទរ​ ​ខួប​២៣​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើង​​សង្គ្រាម​នៅ​កម្ពុជា

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​អបអរសាទរ​
​ខួប​២៣​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើង​​សង្គ្រាម​នៅ​កម្ពុជា រក​បាន​សុខ​សន្តិភាព​ពេញលេញ​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​គូស​រំលេច​ថា នយោបាយ​ឈ្នះ​-​ឈ្នះ ដាក់ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន មានគុណ​តម្លៃ​ធំធេង​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកព័ត៌មាន​ក្នុង​ពិធី​អបអរសាទរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើង​ថា ផ្តើមចេញ​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ មាន​សម្តេច​តេជោជា​ស្ថាបនិក និង​អគ្គ​មគ្គទ្ទេសក៍​នេះហើយ ធ្វើឱ្យ​កម្ពុជា​អាច​បិទ​បញ្ចប់​នូវ​ភ្លើងសង្គ្រាម នាំមក​នូវ​សុខសន្តិភាព ហើយ​ផ្តល់ឱកាស​មហាសាល​សម្រាប់​ការកសាង​សង្គម​កម្ពុជា ឱ្យ​រីកចម្រើន ឱ្យមាន​វិបុលភាព និង​កិត្យានុភាព​ជាតិ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែលជា​អ្នក​ប្រតិបត្តិ​ករ​ដ៏​ចំណាន​មួយរូប​លើ​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​គូស​រំលេច​ថា វា​ជា​រឿង​ចាំបាច់ ហើយ​ក៏​សំខាន់​ណាស់ ក្នុង​ការបង្កើន​ការផ្សព្វផ្សាយ​អប់រំ​ពី​កម្មវិធី​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជ្រូត​ជ្រាប និង​យល់ដឹង​កាន់តែ​ច្បាស់​ពី​គុណ​តម្លៃ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ​។​

​សម្តេច ទៀ បាញ់ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​ចង់​រំលឹក​ទិវា​នេះ​ជា​រៀងរហូត ដើម្បី​យើង​បញ្ជ្រាប​ឱ្យ​គ្រប់​ទិស គ្រប់​ទី ឱ្យ​យល់ ឱ្យ​ឯកភាពគ្នា​ថា វា​មាន​គុណ​តម្លៃ​ធំធេង​ណាស់​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ និយាយ​មែនទែន​ទើប​២៣​ឆ្នាំ​នេះ​ឯង​យើង​មាន​សន្តិភាព​ពេញលេញ មាន​ការឯកភាព​ជាតិ​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចង់ឱ្យ​មាន​ការរៀបចំ​នូវ​ទស្សនកិច្ច​នានា​មក​កាន់​វិមាន​ឈ្នះ​-​ឈ្នះ ហើយ​រៀបចំ​នូវ​មគ្គទ្ទេសក៍ ដើម្បី​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់​ចូល​ទៅ​ទស្សនកិច្ច​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​នោះ​ផងដែរ​។ ការធ្វើ​បែប​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រូត​ជ្រាប​កាន់តែច្បាស់​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *