- សន្តិសុខ សង្គម

រថយន្ត​ធំ បុក​គ្នា បណ្តាលអោយ​ស្លាប់​២​នាក់ នៅ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​

ខេត្ត​ស្ទឹងត្រែង​÷​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​រវាង​រថយន្ត និង រថយន្ត បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​បាន​បុក​គ្នា​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​០២​នាក់ របួសធ្ងន់ ០១ និង របួសស្រាល​០១​នាក់ ។ បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច រថយន្ត​០២​គ្រឿង​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ទី​១, ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​3D 3597 បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​ម៉ា​ក់វេ​អង​ពណ៌​ខៀវ​ពាក់ ស្លាក​លេខ ព្រៃវែង 3A0726 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត រថយន្ត​ទាំងពីរ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ស្ថិតនៅ​ចំណុច​ទួល​ឈូក​លើ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៩ ស្ថិតនៅក្នុង​ភូមិ​សំអាង ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ព្រឹក​ថ្ងៃ​ទី​០២​ខែ​មករា​ឆ្នាំ ២០២២ វេលា​ម៉ោង​០៩ និង​១៩​នាទី ។

​សមត្ថកិច្ច​បន្ត​ឲ្យដឹង​ទៀតថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​
១/​ឈ្មោះ ឃូ​ល ឡុង​គា​តូច ជា​អ្នករួមដំណើរ​ជាមួយ​រថយន្ត​ម៉ាក់​ហ៊ី​ហាន់​ដាយ បាន​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​
២/​ឈ្មោះ ភា​ជ ឌី​ណា ភេទ​ប្រុស​អាយុ 24 ឆ្នាំ​ជា​អ្នករួមដំណើរ​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​។​
​សមត្ថកិច្ច​បន្ថែម​ឲ្យដឹង​ទៀតថា អ្នករបួស ១/​ឈ្មោះ​រ៉ុន រឿន​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​វេ​អង បាន​រងរបួស​ស្រាល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​។​
២/​ឈ្មោះភា​ជ ចាន់​រ៉ា ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹងត្រែង​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា កត្តា​ដែល​នាំឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្ដាលមកពី​បើកបរ​វ៉ា​ជែង​គ្នា​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ទើប​បណ្ដាលឱ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ ។​សាកសព​ជនរងគ្រោះ​ទាំង ០២​នាក់​ដែល​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ត្រូវបាន​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Leave a Reply

Your email address will not be published. Required fields are marked *