- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង​អញ្ជើញ​ជូន​ដំណើរ​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​ ​បំពេញ​ទស្សនកិច្ច​ទៅ​​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា​

នា​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជូន​ដំណើរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នា​ឱកាស​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​សម្តេច​តេជោ ក៏​បាន​នាំ​ទៅ​ជាមួយ​នូវ​ជំនួយ​ម៉ាស់​ជាង ៣​លាន និង​គ្រឿង​បរិក្ខារ​មួយចំនួនទៀត ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៅក្នុង​ប្រទេសមី​យ៉ាន់​ម៉ា​មាន​រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២​។ តាម​គម្រោង ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​តេជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការវិវត្ត​ថ្មីៗ​នៅក្នុង​អាស៊ាន​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *