- ព័ត៌មានជាតិ

​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣២ អាណត្តិ​ទី​៣ ឆ្នាំ​ទី​៣ ដើម្បី​ពិនិត្យ​អនុម័ត​លើ​ការងារ និង​បូក​សរុប​របាយការណ៍​ប្រចាំឆ្នាំ​២០២១

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ខេត្ត​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣២ អាណត្តិ​ទី​៣ ឆ្នាំ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ត​ក្រចេះ ។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​-​អនុប្រធាន មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។

​ក្នុង​កិច្ចប្រជុំ​បាន​លើកឡើង​នូវ​របៀបវារៈ​មួយចំនួន ដោយ​បាន​ធ្វើ​ការពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍ រួមមាន​៖ -​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣២ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត -​សេចក្តីព្រាង​របាយការណ៍​រីកចម្រើន​ប្រចាំឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត និង​-​បញ្ហា​ផ្សេងៗ​។​

​ឯកឧត្ដម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាពេលនេះ ពិតជា​មាន​សារ​:​សំខាន់​ចំពោះ ការតាក់តែង​នូវ​ឯកសារ​សម្រាប់​កិច្ចប្រជុំ ពិសេស​គឺ​ធ្វើឡើង​ដើម្បី​ស្វែងរក​នូវ​ចំនុច​ខ្វះខាត ដោយ​សមាជិក​ដែល​ចូលរួម​ទាំងអស់ បាន​លើកឡើង​ក្នុង​អង្គប្រជុំ ធ្វើយ៉ាងណា​កែលម្អ​អោយ​កាន់តែ​ប្រសើរឡើង សម្រាប់​ទុកជា​ឯកសារ​ដ៍​ល្អ​ទាំង​អក្ខរាវិរុទ្ធ ឃ្លោង​ឃ្លា និង​ខ្លឹមសារ​ពោរពេញ​ដោយ​អត្ថន័យ ស្រប​ទៅ​នឹង​ឯកសារ​គំរូ​ច្បាប់ដើម ព្រមទាំង​បាន​បង្ហាញ និង​ណែនាំ​ចំនុច​ល្អៗ​បន្ថែម​មួយចំនួន​ទៀត ទុកជា​បទ​ពិសោធន៍​ការងារ​ដល់​សមាជិក​ស​មាជិកា​ក្នុង​អង្គប្រជុំ​ផង​ដែរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញ​ការងារ​នា​ពេលកន្លងមក ពិសេស​ឯកឧត្ដម លោកជំទាវ ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ជួយ​ជំរុញ​អោយ​ការងារ​រដ្ឋបាល​ខេត្ត​ក្រចេះ សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ហឿ សុ​ី​យ៉ែម បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត ត្រូវ​សហការ​ជាមួយ​ក្រុម​បច្ចេកទេស​រៀបចំឯ​កសារ​របាយ​ការណ៍​ឲ្យ​បាន​រួចរាល់​ត្រឹមត្រូវ​មាន​ន័យ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ដាក់​ជូន​អង្គប្រជុំ​ក្នុង​ការ​ពិនិត្យ​សម្រេច ទាំង​ប្រជុំ​សាមញ្ញ និង​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត ។​

​ជាពិសេស​ខណៈពេល​ដែល​វីរុស​កូវី​ដ​១៩​បំប្លែង​ថ្មី (​អូ​មី​ក្រុង​) ដែល​បាន​ឆ្លង​ចូល​សហគមន៍​ថ្មីៗ​នេះ ដែល​ជា​ប្រការ​ដ៍​គួរឲ្យ​ព្រួយបារម្ភ ឯកឧត្តម ហឿ ស៊ី​យ៉ែម បាន​ធ្វើ​ការអំពាវនាវ និង​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់ នៃ​រដ្ឋបាល​ខេត្ត​ក្រចេះ សូម​ការពារ​ខ្លួន និង​បន្ត​ណែនាំ​ដាស់តឿន​នៅតាម​ទីកន្លែង​បំពេញការងារ ក៏​ដូចជា​មូលដ្ឋាន​របស់​ខ្លួន ឲ្យបាន​កាន់តែ​ទូលំទូលាយ រួម​គ្នា​បន្ត​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់ នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល គឺ​{៣​កុំ​៣​ការពារ​} ដើម្បី​ខ្លួន​យើង គ្រួសារ​យើង សហគមន៍​យើង និង​ប្រទេស​កម្ពុជា​យើង​ទាំងមូល ជៀសផុត​ពី​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *