- ព័ត៌មានជាតិ

បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត អញ្ជើញ​ជា​អធិបតី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

​កំពង់ចាម​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២២ ដែល​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ការទទួល​បាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែល​កាន់តែ​មាន​ការរីកចម្រើន ស្របគ្នា​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​ទាំងមូល​នៅក្នុង​ខេត្ត និង​សូម​អរគុណ​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន ដែល​ភាគច្រើន​ក៏​ជា​អតីត​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​នេះ​។ ទាំងនេះ គឺជា​ការ​តបស្នង​សងគុណ​ចំពោះ​សាលា និង​ភូមិកំណើត ដែល​បាន​ផ្តល់​នូវ​ឱកាស​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​លើ​ការសិក្សា​ជាន់​ខ្ពស់​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​បាន​ចូលរួម​បម្រើ​ការងារ​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ឯកជន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​ចូលរួម​អបអរសាទរ​ចំពោះ​ក្មួយៗ ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​។ ឯកឧត្តម​បាន​លើកឡើង​ថា ការរៀបចំ​ដោយ​ហ្មត់ចត់​លើ​ការប្រឡង​ទាំងអស់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ជាប់ គឺ​ជាប់​ដោយ​មោទនភាព និង​បើ​ធ្លាក់ គឺ​ធ្លាក់​ដោយ​អស់ចិត្ត ដើម្បី​ធានាបាន​នូវ​គុណភាព​នៃ​ការអប់រំ ព្រមទាំង​មោទនភាព​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។​

​ឯកឧត្តម បាន​លើក​បញ្ជាក់​ថា សមិទ្ធផល​ជាច្រើន​នៅក្នុង​វិស័យ​អប់រំ ដែល​សម្រេច​បាន​កន្លង​មកនេះ គឺ​កើតឡើង​ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង និង​ការ​បង្ក​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការចូលរួម​ចំណែក​របស់​សប្បុរសជន​នា​នា ប៉ុន្តែ​កត្តា​កំណត់​ជោគជ័យ​ដ៏​ចម្បង​ចាំបាច់ គឺ​អាស្រ័យ​ទៅ​នឹង​តួអង្គ ០៣ សំខាន់ រួមមាន​៖
-​ទី​១. គឺ​តួអង្គ​ក្មួយៗ ដែល​បាន​ខិតខំ​រៀនសូត្រ​។ សម័យកាល​មុន កម្ពុជា​ជួប​ការលំបាក​ច្រើន​ណាស់ ទាំង​ការខ្វះខាត​សាលា ហើយ​ប្រទេស​ក៏​មាន​សង្គ្រាម ប៉ុន្តែ​បច្ចុប្បន្ន​នេះ ប្រទេស​យើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ជាការ​បង្កលក្ខណៈ​ឱ្យ​ក្មួយៗ​មាន​ឱកាស​ច្រើន​គ្រប់បែបយ៉ាង និង​នៅ​គ្រប់​កន្លែង​ទាំងអស់ ទាំង​ជម្រើស​ក្នុង​ការសិក្សា និង​ជម្រើស​ការងារ​។ ដូច្នេះ អ្វី​ដែល​សំខាន់​ចាំបាច់​សម្រាប់​ក្មួយៗ គឺ​ការកសាង​ផ្នត់គំនិត​នៃ​ការតស៊ូ​ម្ចាស់ការ​លើ​ខ្លួនឯង ទាំង​នៅក្នុង​ការសិក្សា និង​ការបំពេញ​ការងារ ដើម្បី​កសាង​ពង្រឹងសមត្ថភាព និង​បង្កើត​ឱកាស​ឈានទៅ​ជោគជ័យ​ក្នុង​ជីវិត​។

-​ទី​២. គឺ​តួអង្គ​ឪពុកម្តាយ អាណាព្យាបាល ដែល​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយ​ទំនុកបម្រុង​គ្រប់បែបយ៉ាង​។ ជោគជ័យ​លើ​ការសិក្សា និង​ការងារ​របស់​ក្មួយៗ គឺជា​ការ​តបស្នង​សងគុណ​មួយ​ក៏​ស័ក្តិសម​បំផុត​សម្រាប់​ពួកគាត់​។
-​ទី​៣. គឺ​តួអង្គ​លោកគ្រូ អ្នកគ្រូ​។ ពេល​មក​ដល់​សាលា គឺ​មាន​លោកគ្រូ អ្នកគ្រូ ជា​ឪពុក​ម្តាយ​ទី​២​។ សិស្សៗ​ម្នាក់​មាន​សំបក​តួខ្លួន​ខាងក្រៅ ឯក​លោកគ្រូ អ្នកគ្រូ ជា​អ្នក​បំពេញ​ឱ្យ​យើង​នៅ​ខាងក្នុង ទាំង​ចំណេះដឹង គុណធម៌ សីលធម៌ និង​សមត្ថភាព ដើម្បី​ក្លាយជា​ធន​ធន​សំខាន់​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។ ក្នុងពេល​បច្ចុប្បន្ន ប្រទេស​យើង​អាច​ម្ចាស់ការ​ខ្លួនឯង​លើ​គ្រប់​វិស័យ ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាពិសេស​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ ទាំងនេះ គឺ​កើតឡើង​ដោយសារ​សមិទ្ធផល​ធន​ធាន​មនុស្ស ដែល​ផលិត​ដោយ​លោកគ្រូ អ្នកគ្រូ ហើយ​ធនធាន​មនុស្ស​ទាំងនេះ ទទួលបាន​ការបណ្តុះបណ្តាល​នៅក្នុង​ស្រុក​ខ្មែរ ហើយ​មួយចំនួន​ក៏​បាន​ទៅ​បន្ត​នៅ​បរទេស និង​បាន​ចូល​បម្រើ​ការងារ​នៅ​តាម​គ្រប់​ស្ថាប័ន​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ព្រមទាំង​ក្នុង​វិស័យ​ឯកជន និង​អង្គការ​ជាតិ​-​អន្តរជាតិ​។ ការ​បន្តុះបង្អាប់​ណាមួយ​មក​លើ​ធនធាន​មនុស្ស​ខ្មែរ​ដោយ​អ្នកនយោបាយ​ប្រជាភិថុតិ គឺ​ជា​ការវាយប្រហា​រម​កលើ​ការខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូ អ្នកគ្រូ និង​ឪពុក​ម្តាយ អាណាព្យាបាល ដែល​បាន​ខិតខំ​តស៊ូ​យ៉ាង​លំបាក ហើយ​ក៏​នេះ​ជាការ​មើលងាយ​ជាតិ​ខ្មែរ​ផង​ដែរ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ការ​ផ្តល់​កំណើត និង​ការជួយ​សង្គ្រោះ​ជាតិ គឺជា​គុណ​ដ៏​ធំធេង​បំផុត​។ ក្នុង​ឆាកជីវិត​នយោបាយ​របស់ សម្តេច​តេជោ កន្លងមកនេះ លោក​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ក្នុង​ស្ថានការណ៍​ធំៗ ០៣ លើក​រួចមកហើយ​៖ ជាអាទិ៍​ការ​រំដោះប្រជាជន​ចេញ​ពី​ការកាប់សម្លាប់​ក្នុង​របប​ប៉ុលពត​, ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ដោយ​នយោបាយ​ឈ្នះ​-​ឈ្នះ​, និង​ថ្មីៗ​នេះ គឺ​សច្ចភាព​នៃ​ការសង្គ្រោះ​ជីវិត​ដោយ​តថ្លៃ​ជាមួយ​មច្ចុរាជ និង​រក្សា​បាន​ជីវិត​ប្រជាពលរដ្ឋ​រាប់សែន​នាក់ នៅក្នុង​វិបត្តិ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវី​ដ​-១៩​។ នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត ដែល​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ភាគច្រើន​មាន​ការ​អល់អែក​ស្ទាក់ស្ទើរ​ក្នុង​ការសម្រេចចិត្ត​ឱ្យបាន​ច្បាស់លាស់ ប៉ុន្តែ សម្តេច​តេជោ បាន​ធ្វើ​ការអារកាត់​សម្រេចចិត្ត​ដាក់ចេញ​នូវ​វិធានការ​នានា​ទាំង​ការ​ទប់ស្កាត់​, ការព្យាបាល និង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ជាមួយ​នឹង​ការសិក្សា​គ្រប់​ជ្រុងជ្រោយ និង​ការទទួលខុសត្រូវ ដោយ​ឈរ​លើ​មូលដ្ឋាន​អាទិភាព​ចម្បង​បំផុត​ ៕

Leave a Reply

Your email address will not be published. Required fields are marked *