- ព័ត៌មានជាតិ

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ស្នើ​ដល់​បេក្ខភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់​រក្សា​ឱ្យបាន​នូវ​ស្មារតី​សាមគ្គី ឯកភាព​គ្នា​ខ្ពស់​ដើម្បី​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ការអំពាវនាវ​ដល់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ទាំងអស់​រក្សា​ឱ្យបាន នូវ​ស្មារតី សាមគ្គី​ឯកភាព​គ្នា​ខ្ពស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោត ដើម្បី​ធានា​ថា គណបក្ស​ត្រូវ​តែ​ឈ្នះ​សម្រាប់​ការដឹកនាំ​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ បន្តទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ និង​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២២​នេះ នា​ទីស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ​។

​នៅក្នុង​ឱកាស​នោះ សម្តេច​ក៏​បាន​លើកឡើង​បន្តថា ដើម្បី​រក្សា​ឱ្យបាន​នូវ​ប្រៀប​ឈ្នះ​គឺ​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ចិញ្ចឹម​ចលនា​នយោបាយ​នៅ​មូលដ្ឋាន តាមរយៈ​ការកសាង​សមិទ្ធផល​នានា ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​សំណើ និង​សំណូមពរ​នានា​របស់​ប្រជាជន​។ សម្តេច​បាន​ស្នើ​ដល់​ក្រុមការងារ​បន្ត​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ និង​សុខទុក្ខ​របស់​ប្រជាជន សំដៅ​ដាក់ចេញ​គោលការណ៍​វិធានការ​ដោះស្រាយ​បាន​ជាក់​ស្តែង និង​សមស្រប​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ត្រូវខិតខំ​បំផុស​ចលនា​ពង្រឹង​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​រៀបចំ​ពិធី​បញ្ចូល​សមាជិក​ថ្មីៗ​របស់​គណបក្ស​ឱ្យ​បាន​សកម្ម​ផុលផុស​គ្រប់​មូលដ្ឋាន និង​ត្រួតពិនិត្យ និង​ពង្រឹង​ការគ្រប់គ្រង​សមាជិក​បក្ស​តាម​ក្រុម​បក្ស​នីមួយៗ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​ធ្វើ​ការជួបជុំ​ជាមួយ​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​ជា​ទ្រង់ទ្រាយ​តូចៗ​តាម​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​សមិទ្ធផល​របស់​គណបក្ស និង​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជំនឿ​របស់​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​មក​លើ​គណបក្ស​យើង​។​

​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​។ សម្តេច​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា ដើម្បី​ទទួលបាន​ជ័យជម្នះ​ជូន​គណបក្ស​នោះ​ការងារ​ទាំងអស់ មិនមែន​ជា​កិច្ចការ ដោយឡែក​របស់​បេក្ខជន​នោះទេ តែ​ជា​ការងារ​ដែល​ត្រូវមាន​កិច្ច​សហការ​ដឹកនាំ​ពី​ក្រុមការងារ​គណបក្ស និង​គណបក្ស​គ្រប់​ថ្នាក់ ដើម្បី​ធ្វើ​ការងារ​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ត្រូវ​ខិតខំ​អនុវត្ត​គ្រប់​ការងារ ដែល​ត្រូវ​ធ្វើ​បន្ត​តាម​ការណែនាំ​របស់ គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ផែនការ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត ក្រុង ស្រុក​បាន​ដាក់ចេញ​៕

Leave a Reply

Your email address will not be published. Required fields are marked *