ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលមាតាបិតាអាណាព្យាបាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA និងB ទូទាំងខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ។
ក្នុងពិធីលោក ឡាយ ប៉ូរា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន០៤ បន្ទប់ប្រឡងចំនួន៨០ បេក្ខជនក្នុងបញ្ជីសរុបមាន១.៩៧៩នាក់ ស្រី ១.១០៣នាក់ ។ បេក្ខជនមកប្រឡងចំនួន ១.៩០៥នាក់ ស្រី១.០៦៥នាក់ បេក្ខជនប្រឡងជាប់ចំនួន១.២៨៥នាក់ ស្រី៧៧១នាក់ ស្មើនឹង៦៧.៦៦% ស្រី៧២.៣៩% ។ ក្នុងនោះ និទ្ទេស A ចំនួន៤៥នាក់ ស្រី២៩នាក់, B ចំនួន១៣០នាក់ ស្រី៩០នាក់, C ចំនួន២៣៣នាក់ ស្រី១៣៦នាក់, D ចំនួន៤០៧នាក់ ស្រី២៥៤នាក់ និង E ចំនួន៤៧៥នាក់ ស្រី២៦២នាក់ ។
នាឳកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ៖ រាជរដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព ៤ ដោយតម្កល់មនុស្សជាអទិភាពទី១ វិញ ហើយ ទឹក ផ្លូវ និងភ្លើង ជាអតិភាពបន្តបន្ទាប់ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ នៃរដ្ឋសភា ។ ក្នុងនោះការអភិវឌ្ឍធនធានមនុស្សសំដៅលើកកម្ពស់ចំណេះដឹងជំនាញ វិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ មានស្មារតីទទួលខុសត្រូវខ្ពស់ មានសុខភាព និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម ការអភិវឌ្ឍន៍ធនធានមនុស្ស ។ ហើយគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍ “ ប្រព័ន្ធអប់រំប្រកបដោយគុណភាពសមធម៌ និងបរិយាបន្ន”ដោយផ្ដោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកទេសការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង ។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍សាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេស A និងB នាពេលនេះ ។
ឯកឧត្តម វ៉ា ថន ក៏បានផ្តល់និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យមកទទួលពាក្យយកអាហារូបករណ៍របស់សម្តេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៃរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសដល់សិស្សនិស្សិតក្រីក្រ និងសិស្សនិស្សិតដែលមានបំណងចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា នៅទីតាំងរដ្ឋបាលខេត្ត ។
គួរបញ្ជាក់ផងដែរ ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទទួលបានបណ្ណ័សរសើរ១ និងថវិកាចំនួន ៣០ ម៉ឺនរៀល និង B ទទួលបានប័ណ្ណសរសើរ១ និងថវិការចំនួន១៥ ម៉ឺនរៀលផងដែរ ៕






