- ព័ត៌មានជាតិ

ឯកឧត្តម វ៉ា ថន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា​និង​លើក​ទិសដៅ​បន្ត​ប្រចាំ​ខែ​កុម្ភៈ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ និង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧

ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ ទី ០៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ នៅ​សាលប្រជុំ​មេគង្គ​សាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា​និង​លើក​ទិសដៅ​បន្ត​ប្រចាំ​ខែ​កុម្ភៈ របស់​រដ្ឋបាល​ខេត្ត​ក្រចេះ និង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្នុង​សង្កាត់​អូ​ឬ​ស្សី ក្រុង​ក្រចេះ ឆ្ពោះ​ទៅ​ចំណុច​អូរ​ច្រឡង់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ខាងមុខ​នេះ ។

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​អង្គប្រជុំ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ជា​គណ​:​កម្ម​ការ​និង​អនុគណៈកម្មការ​ត្រូវ​ត្រៀម​រៀបចំ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទៅ​ទៅតាម​ទីតាំង​ដែល​ខ្លួន​ឈរជើង ដោយ​ក្នុង​នោះ​ត្រូវ​ត្រៀម​រៀបចំ​ឲ្យមាន​នូវ​ឡាន​អគ្គីភ័យ ឡាន​សង្គ្រោះ ម៉ាស៊ីន​បាញ់​អាល់កុល​ការពារ​និង​សម្លាប់​មេរោគ សម្ភារ​:​តេ​ស្ត័រហ័ស ទីតាំង​ថាមពលអគ្គីសនី​សម្រាប់​បំភ្លឺ​រោង​វេទិការ និង​រៀបចំ​សម្អាត​និង​លម្អ​តាម​ដងផ្លូវ​ទីសាធារណ​:​រួម​ទាំង​ភ្លើង​បំភ្លឺ និង​ត្រៀម​រៀបចំ​ប័ណ្ណ​សម្គាល់​សម្រាប់​ចូលរួម​តាម​ប្រភេទ ។

​ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា ៖ ចំពោះ​ការ​តេស្ត៍​មេ​រោគកូ​វីដ សម្រាប់​មហាជន​អញ្ជើញ​ចូលរួម​មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ភូមិ​ឃុំ ជា​អ្នកទទួលខុសត្រូវ ហើយ​សម្រាប់​មន្ត្រី​រាជា​ការ​និង​កងកម្លាំង មន្ទីរ​សុខាភិបាល​ខេត្ត​ជា​អ្នកទទួលខុសត្រូវ ហើយ​កងកម្លាំង​ទាំង​បី​ប្រភេទ ត្រូវ​ត្រៀម​យាមកាម​ទៅតាម​ទីតាំង​ដែល​ខ្លួន​ឈរជើង ដើម្បី​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ទាំង​នៅក្នុង​អង្គពិធី និង​តាម​ទីសាធារណ​: អាជ្ញាធរ​ក្រុង​ស្រុក​នីមួយៗ​ត្រូវ​ត្រៀម​រៀបចំ​មធ្យោបាយ​សម្រាប់​ម​ហា​ជន និង​រៀបចំ​បង្គន់​អនាម័យ​សម្រាប់​មហាជន និង​គណ​:​អធិបតី និង​ត្រូវ​ត្រៀម​អាហារសម្រន់​សម្រាប់​មហា​ជន​អញ្ជើញ​ចូលរួម​ផង​ដែរ ។

​ឯកឧត្តម​អភិបាលខេត្ត​នៅតែ​បន្ត​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​បងប្អូន​មក​ចូលរួម​ចាក់​វ៉ាក់សាំង​ដូស​ជម្រុញ​ទី​៣​ឲ្យបាន​គ្រប់​គ្នា ដើម្បី​បន្ត​វ៉ាក់សាំង​ដូស​បន្តបន្ទាប់​ទៀត​ដែលរា​ជ​រដ្ឋាភិបាល​នឹង​ផ្តល់ជូន​ទៀត អាជ្ញា​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង​ការងារ​សណ្តាប់ធ្នាប់​ច្បាប់​ចរាចរណ៍ ពិនិត្យ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ និង​ពិនិត្យ​ការងារ​សណ្តាប់ធ្នាប់​សាធារណ​: ជាពិសេស​ការប្រើប្រាស់​លើ​ចំណី​ផ្លូវ​តាម​មូលដ្ឋាន ។

​គូសបញ្ជាក់ថា ៖ កំណាត់​ផ្លូវជាតិ​លេខ​៧ ជា​ប្រភេទ​បេតុង​កៅស៊ូ​AC អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) ជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បំពាក់គ្រឿងសង្ហារឹម​គ្រប់​គ្រាន់ ចាប់​ពី​រង្វង់​មូល​ខ្លា​ស្ទុះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ដល់​ភូមិ​រមៀត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ដែល​មាន​ប្រវែង ៩៣,៥៦៥​គម (​គម ៣៣១+២៥០ ដល់​គម ៤២៤+៩៤០) ៕​

Leave a Reply

Your email address will not be published. Required fields are marked *