- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ ​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ និង​លទ្ធផល​ការងារ​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​

​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ និង​លទ្ធផល ការងារ​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដោយ​មាន​ការ អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​ប្រចាំការ​, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​នានា​, អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​មហាផ្ទៃ​, ប្រធាន​ក្រុមប្រឹក្សា អភិបាល​រាជធានី​-​ខេត្ត ព្រមទាំង​អ្នក ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត សរុប​ប្រមាណ ៣៥០​នាក់ ដែល​កម្ម​វី​ធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​

​រ៉េស៊ីដង់​សុខា​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ថ្លែង​សុន្ទរកថា​បើក​សន្និបាត ថា​«​ថ្ងៃនេះ​យើង​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ សំដៅ​ត្រួតពិនិត្យ​លទ្ធផល ការងារ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ បន្ទាប់ពី​បាន​អាក់ខាន​ការជួបជុំ​ដោយផ្ទាល់ ដើម្បី​ប្រារព្ធ​សន្និបាត​កាលពី​ឆ្នាំ​កន្លង​ទៅ ដោយសារ​ការ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នៃ​ជំងឺ​កូវី​ដ​-១៩»​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្ដ​ថា រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​ពុះពារ​ជម្នះ និង​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​បង្ក​ផល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ សេដ្ឋកិច្ច​-​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​គោលការណ៍ វិធានការ ដ៏​មុត​ស្រួច ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ការ​ស្វះស្វែង​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ដើម្បី បង្កើត​ភាព​សាំ​ក្នុង​សហគមន៍ ព្រម​ជាមួយនឹង​ការផ្ដល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​កម្មករ​រោង ចក្រ​-​សហគ្រាស​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ការធ្វើ​អន្តរាគមន៍​នានា ដើម្បី ទប់​លំនឹង​សេដ្ឋកិច្ច​សង្គម​កុំឱ្យ​ដួលរលំ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការធានា​ដំណើរការ​នៃ ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ដើម្បី​ផ្តល់​សេវា​សា​ធាណៈ​ចាំបាច់ និង​ជា​មូលដ្ឋាន​ក្នុង​សង្គម ព្រមទាំង វិធានការ​នានា​ជាច្រើន​ទៀត ដើម្បី​ស្តារ​សេដ្ឋកិច្ច​សង្គម​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ថែមថា អាស្រ័យ​ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​បង្ក​លក្ខណៈ សម្បត្តិ​ល្អ​ដល់​ប្រទេស​កម្ពុជា អាច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ស្ទើរ​គ្រប់ វិស័យ ហើយ​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់​ក៏​បាន​ធ្វើ​សកម្មភាព​ពេញលេញ​ទៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី បង្ក​ឱកាស​ឱ្យ​បាន​មក​ជួប​ប្រជុំ​គ្នា​ដោយផ្ទាល់​នាពេលនេះ​។​

​លើសពីនេះ​ទៀត សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​បន្ត​មាន ប្រសាសន៍​លើក​ឡើង​ថា សរុបមក សមិទ្ធផល​ដែល​ក្រសួងមហាផ្ទៃ សម្រេចបាន​ក្នុង​ឆ្នាំ​២០២១ ពិតជា​បាន​មក​ដោយ​មាន​ការចូល​រួម​ធ្វើ​ពលិកម្ម យ៉ាង​ធំធេង​របស់​កងកម្លាំង​នគរបាលជាតិ និង អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ដែល​បាន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ដោយ​ដៃ​ម្ខាង​ចូលរួម​អនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ដៃ​ម្ខាង​ទៀត ធានា​ថែរក្សា​ការពារ​បាន​យ៉ាងរឹងមាំ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម​និង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សម្ដេច​ក្រឡាហោម បានបញ្ជាក់​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច បាន​កោតសរសើរ និង​វាយ តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់​នៃ​ក្រសួង​មហាផ្ទៃ ទាំង​នគរបាល​ជាតិ និង​រដ្ឋបាល​ស៊ីវិល ព្រមទាំង​ក្រសួង​ស្ថាប័ន​នានា និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ខិតខំ​រួមគ្នា​សម្រេច សមិទ្ធផល​ខាងលើនេះ​។​

​សម្ដេច​ក្រឡាហោម បាន​បញ្ជាក់ទៀតថា ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើនេះ ក៏​នៅ​មាន​សេសសល់​បញ្ហា ប្រឈម​នានា​ជាច្រើន​ទៀត ដែល​ត្រូវ​បន្ត​ខិតខំ​រួម​គ្នា​ពុះពារ​ជម្នះ​ដោះស្រាយ​។​ផ្អែក​តាម​កម្មវិធី​សន្និបាត នឹង​ធ្វើ​ការបែងចែក​ក្រុម​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដើម្បី​ប្រមែប្រមូល​ធាតុ​ចូល​ពី​សមាជិក សមាជិកា​នៃ​អង្គសន្និបាត សម្រាប់​បំពេញ​បន្ថែម​លើ​ខ្លឹមសារ​របាយការណ៍ និង​ទិសដៅ​រួម ទាំង​បញ្ហា ប្រឈម និង​ដំណោះស្រាយ ព្រមទាំង​គោលការណ៍​សំខាន់ៗ​សម្រាប់​អនុវត្ត ក្នុង​ឆ្នាំ​២០២២​នេះ បន្តទៀត​។ អាស្រ័យហេតុនេះ ក្នុងនាម​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម បាន​ស្នើ​ដល់​សមាជិក សមាជិកា នៃ​អង្គ​សន្និបាត​ទាំងមូល សូម​យក​អស់​កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បី​ផ្តល់​ធាតុ​ចូល សំដៅ​ចូលរួម​ធ្វើឱ្យ​សន្និបាត​សម្រេច​លទ្ធផល​បាន​តាម​ការគ្រោងទុក​។​

​នា​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើ​សេចក្ដីរាយការណ៍​សង្ខេប​នូវ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ ជូន សម្ដេច​ក្រឡាហោម ស ខេង និង​អង្គសន្និបាត​ថា នៅក្នុង​ឆ្នាំ​២០២១​ក្រសួងមហាផ្ទៃ បាន​ចូលរួម​ធ្វើឱ្យ​សម្រេច​នូវ​សមិទ្ធផល នយោបាយ និង​សង្គម​ជាច្រើន​តាមរយៈ​ការខិតខំ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ របស់ខ្លួន​។ ដោយឡែក​សម្រាប់​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏​បាន​មានប្រសាសន៍​លើកឡើងថា ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ទី​៤ នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​ជា​ឆ្នាំ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​នូវ​ព្រឹត្តិការណ៍ និង​កិច្ចប្រជុំ​នានា​ក្នុង​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ព្រមទាំង​រៀបចំ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​បន្តទៀតថា ដើម្បី​ធានា​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បម្រើ​ឱ្យ​កម្មវិធី​ព្រឹត្តិការណ៍​នយោបាយ​និង​វេទិកា​ទាំងនេះ ប្រព្រឹត្ត​ទៅ​ប្រកប ដោយ​សុវត្ថិភាព និង​ជោគជ័យ ព្រមទាំង​បន្ត​រក្សា​បាន​នូវ​ប្រក្រតីភាព​នៃ​ជីវភាព​សង្គម​គ្រប់​វិស័យ មន្ត្រី​រដ្ឋបាល​ស៊ីវិល កងកម្លាំង​នគរបាលជាតិ និង​រដ្ឋបាល​គ្រប់​ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​រួម​គ្នា​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​០៤ ដូចតទៅ ៖

​ទី​១-​បន្ត​ខិតខំ​ថែរក្សា ការពារ​ឱ្យបាន​នូវ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បង្ក​បរិយាកាស​ដល់​ការស្តារ និង​ជំរុញ​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម និង​ធានា​ការពារ​លើកស្ទួយ​សិទ្ធិ សេរីភាព គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន សំដៅ​ជំរុញ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លើ​គ្រប់​វិស័យ​។​

​ទី​២-​បន្ត​ខិតខំ​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ជាពិសេស​ការកែទម្រង់​មន្ត្រី​គ​របាល​ជាតិ​កម្ពុជា ការកែទម្រង់​មន្ត្រី​រដ្ឋបាល​ស៊ីវិល នៃ​ក្រសួង​មហាផ្ទៃ ការអនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០) និង​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» របស់​រាជរដ្ឋាភិបាល​។​

​ទី​៣-​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ និង​ការដោះស្រាយ​សំណើ សំណូមពរ របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន សំដៅ​ធានា​ការលើកកម្ពស់​ការចូល រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ការអភិវឌ្ឍ​គ្រប់ វិស័យ​ក្នុង​សង្គម​។​

​និង​ទី​៤-​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ស្មើភាព ដើរ​ទន្ទឹម​នឹង​ការខិតខំ​ពង្រឹង​ក្រម​សីល ធម៌ វិជ្ជាជីវៈ​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​រួមគ្នា​លុបបំបាត់​នូវ​បាតុភាព​អសកម្ម​នានា សំដៅ​បង្កើន​ជំនឿ​ទុក ចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​គោរព អនុវត្ត​ច្បាប់ ដើម្បី​ចូលរួម​ពង្រឹង​យុត្តិធម៌​ក្នុងសង្គម​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ បាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​។ ដោយឡែក​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងមហាផ្ទៃ នឹង​ធ្វើឡើង​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

Leave a Reply

Your email address will not be published. Required fields are marked *