សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជា អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិសាខា បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ននិងស្ត្រីក្នុងវ័យបន្តពូជចំនួន ៥០នាក់ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២២ ។
ក្នុងពិធីអប់រំផ្សព្វផ្សាយខាងលើនេះ សម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន ៥០នាក់ សាខាបានយកនូវអំណោយ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម អំបិលអ៊ីយ៉ូដ១កញ្ចប់ ទឹកបរិសុទ្ធ ១ដប ជែលលាងដៃ២ដប ក្រមា១ សាប៊ូលាងដៃ ២ដុំ ម៉ាស់៥ និងថវិកាចំនួន ២០,០០០រៀល។
សូមបញ្ជាក់ថា៖ នៅថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានគណៈកម្មាធិការសាខា បានបន្តចុះពិនិត្យមើលដំណើរការសាងសង់ឡាបូលាងដៃនៅតំបន់គោលដៅចំនួន២ គឺ វិទ្យាល័យ ហ៊ុនសែន កោះញែក និងសាលាបឋមសិក្សា ហ៊ុនសែន កោះញែក និងអគារអនុសាខា កក្រក ស្រុកផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី






