- ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំង​ព្រែក​ចំនួន ០៦ គ្រួសារ នៅ​ក្រុង​តាខ្មៅ ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល ​៖​ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល និង​ជា​អភិបាលខេត្ត​កណ្ដាល បាន​ចាត់តាំង​ប្រតិភូ​សាខា​ដឹកនាំ​លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​បាក់​ច្រាំង​ព្រែក​ចំនួន ០៦ គ្រួសារ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​មានប្រសាសន៍​នាឱកាស​នោះ​លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ក្ដី​នឹករលឹក និង​អាណិតអាសូរ​ពន់ពេក​។

​លោកនាយក​សាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់​ពេលវេលា ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ ហើយ​សម្ដេច​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ​។ ជាមួយគ្នា​នេះ​ផង​ដែរ លោកនាយក​សាខា បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំ​មាន​ការធ្វេសប្រហែស និង​ចូលរួម​រក្សា​អនាម័យ​ឱ្យបាន​ល្អ ពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាងនេះទៀត ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​-១៩ របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​គឺ ៖ ៣​ការពារ និង​៣​កុំ ឱ្យបាន​គ្រប់ៗ​គ្នា ។​

​អំណោយ​ដែល​សាខា​បាន​ផ្ដល់ជូន​ក្នុង​១​គ្រួសារ រួមមាន​៖ អង្ករ ២៥​គីឡូក្រាម ,​មី ១​កេស ,​ទឹកត្រី ១​យួរ ,​ត្រីខ ១​យួរ ,​ទឹក​សុទ្ធ​ដប​ធំ​១​កេស ,​កៅស៊ូ​តង់​ចំនួន​១,​ជែល ១​ដប ,​ម៉ាស ១​ប្រអប់ និង​ថវិកា ២០​ម៉ឺន​រៀល ជាមួយគ្នា​នេះ​អនុសាខា​ក្រុង​តាខ្មៅ បាន​ផ្ដល់ជូន​នូវ អង្ករ ២៥​គីឡូក្រាម ,​ទឹកត្រី ១​យួរ ,​ត្រីខ ១​យួរ ,​ទឹកស៊ីអ៊ីវ ១​យួរ ,​ទឹក​សុទ្ធ​ដប​តូច​១​កេស ជែល ១​ដប ,​ម៉ាស ២​ប្រអប់ និង​ថវិកា ១០​ម៉ឺន​រៀល​៕​

Leave a Reply

Your email address will not be published. Required fields are marked *