រតនគិរី÷ ដោយមានការរអ៊ូរទាំពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ នឹងមជ្ឈដ្ឋានក្នុងខេត្តរតនគិរី រួមនឹងបណ្តាភ្ញៀវទេចរណ៍ជាតិនានា តែងតែបានលើកឡើង អំពីបញ្ហាការអនុញ្ញាតិអោយមានការដាក់តាំងលក់ទំនិញនានា ដោយខ្វះសណ្តាប់ធ្នាប់មកលើដងផ្លូវសាធារណៈ លើកំណាត់ផ្លូវប្រហែលជា១០០ម៉ែត្រ ស្ថិតនៅត្រង់ចំណុចផ្លូវចូលមុខផ្សារក្រុងបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
មជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ រួមនឹងអ្នកទេចរណ៍ដែលបានមកធ្វើទេសចរណ៍កំសាន្តក្នុងខេត្តរតនគិរី តែងតែមានការលើកសរសើរមិនដាច់ពីមាត់ ពីការកែប្រែមុខមាត់ថ្មី នៃសោភ័ណ្ឌភាពទីរួមក្រុងបានលុង ស្របពេលដែលថ្នាក់ដឹកនាំខេត្តជំរុញអោយ អង្គភាព មន្ទីរ ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់អំពីបញ្ហាថែរក្សាអោយបាននៅបរិស្ថានល្អ ។
មួយរយៈកន្លងមកនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងតំណែងទើបទទួលខុសត្រូវទើបតែបានត្រឹមរយៈពេលជាង៤ខែ គឺមានការកោតសរសើរពីការពីមហាជនទូទៅ ។ ជាពិសេស នូវរាល់ហេដ្ឋារចនាសម្ព័ន្ធនានាលើការអភិវឌ្ឍដាក់លូ ដែលមានមុខកាត់ធំ ពង្រីកផ្លូវក្នុងក្រុងបានលុងអោយមានទំហ៊ុ ធំ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ប្រកបដោយការទទួលខុសត្រូវ ។ ស្របពេលដែល ឯកឧត្តម បានដាក់ចេញនៅទិសដៅផែនការអោយគ្រប់ មន្ត្រីរាជការ កងកម្លាំង ស្ថាប័ន អង្គភាពមន្ទីរនានាក្នុងខេត្តរតនគិរី ផ្តោតទៅលើការរស់នៅប្រកបដោយអនាម័យបរិស្ថានល្អ ទើបខេត្តភូមិភាគឦសានរតនគិរី មួយនេះទទួលបានការកោតសរសើរ នឹងសាទរ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងក្នុងខេត្តនឹងបណ្តាភ្ញៀវទេចរណ៍ ដែលបានចូលធ្វើទេចរណ៍កំសាន្តក្នុងខេត្តរតនគិរី ។
ប៉ុន្តែអ្វីដែលនៅសេសសល់ ដោយមិនមានការចូលរួមសហការនោះគឺ កំណាត់ផ្លូវដែលមានប្រវែងមួយកន្ទុយអណ្តើក នៅខាងមុខផ្សារក្រុងបានលុងខេត្តរតនគិរី គឺបានដាក់តាំងទំនិញផ្សេងៗលក់ដូរយ៉ាងអនាធិបតេយ្យ រុលមកលើផ្លូវថ្នល់តែម្តង ។
បញ្ហានេះបានធ្វើអោយមានមតិរិៈគន់ជាច្រើនពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការទូទៅ ដោយពួកគាត់ហាក់បន្ទោស ទៅលើអាជ្ញាធរដែនដី រដ្ឋបាលសាលាក្រុងបានលុង នគរបាលសណ្តាប់ធ្នាប់ ហាក់មិនខ្វល់ ឬក៏មានភាពជាប់គាំងត្រគៀកស្តូក ! តើបញ្ហានេះវាជាប្រភពលាភសក្ការៈសម្រាប់ស្អំប្រចាំថ្ងៃ ឬ..? ។
តួយ៉ាងដូចជាខាងមុខផ្លូវចូលផ្សារក្រុងបានលុងខេត្តរតនគិរី ត្រូវអាជីវករលក់ដូរនិយាយថា បច្ចុប្បន្ន លោក ហេង ដារ៉ា នឹងលោក សា លាង ជាអធិរាជស្តេចក្រាញ់ក្នុងរបររកទទួលទានជាអ្នកវិនិយោគផ្សារ កំពុងប្រើយុទ្ធវិធីជញ្ជក់ឈាមអាជីវករដោយត្រជាក់ចិត្ត ទាំងលើការវិនិយោគផ្សារ ទាំងលើផ្ទៃដីសាធារណៈរបស់រដ្ឋតំបន់៤ នឹងទំហំផ្ទៃដីខាងមុខបរិវេណផ្សារ ដែលមានទំហ៊ុ៥៤ម៉ែត្រគុណនឹង១១០ម៉ែត្រ (៥៤ម×១១០ម)
ចំណែកផ្លូវចូលផ្សារក្រុងបានលុងវិញត្រូវប្រជាពលរដ្ឋជាអាជីវករលក់ដូរលើកឡើងថា គឺវាស់ម៉ែត្រគិតលុយតែម្តង ដោយកន្លែងផ្លូវចូលផ្សារពីខាងមុខ ត្រូវអាជីវករបញ្ជាក់ថា គឺខាងផ្សាវាស់ក្នុងមួយម៉ែត្រអោយដាក់ទំនិញលក់ គឺត្រូវចំណាយបង់អោយខាងផ្សារ៥០០០០រៀល បើយកពីរម៉ែត្រត្រូវចំណាយអស់១០០០០០រៀល គឺលក់ដូរក្នុងមួយថ្ងៃ ! តើនេះវាជាការជញ្ជក់ឈាមប្រជាពលរដ្ឋជាអាជីវករដែរឬទេ..ទាន ? ។
រឿងផ្សារក្រុងបានលុងខេត្តរតនគិរី គឺជាចំណុច នៃរឿងឈឺចាប់របស់អាជីវករលក់ដូរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន បានចាក់ឫសគល់យ៉ាងរឹងមាំ កុំថាឡើយថ្នាក់រដ្ឋបាលសាលាក្រុង បានលុង រដ្ឋបាលសាលាខេត្ត នឹងថ្នាក់ជាតិ គឺមិនអាចទៅរួចនិងលោក សា លាង ប្រធានក្រុមហ៊ុនវិនិយោគផ្សារបានឡើយ! ។
មជ្ឈដ្ឋានទូទៅសម្លឹងមើលឃើញថា ភាពខ្លាំងរបស់ក្រុមហ៊ុន វិនិយោគផ្សារហេង ដារ៉ា ដែលមានលោក សា លាងជាប្រធាន បានប្រើគ្រប់កលវិធីវាយបំបាក់ក្រុមហ៊ុនវិនិយោគទុនស្របច្បាប់នានា អោយរត់ចាកចេញពីខេត្តរតនគិរី ស្ទើតែគ្មានខោស្លៀតទាំងការឈឺចាប់នឹងអយុត្តិធម៌ ជាពិសេសជំនាន់ លោក ថង សាវុន កាន់ជាអភិបាលខេត្តរតនគិរី។
ឥឡូវបញ្ហារឿងផ្សារដ៏ចាក់ច្រេសមួយនេះ ត្រូវបានបន្សល់ទុកសម្រាប់អោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តថ្មីដែលទើបមានអាយុដឹកនាំបានត្រឹមរយៈពេលជាង៤ខែតើមានលទ្ធភាពដោះស្រាយដែរឬទេ ? ។
ចំណុចនេះត្រូវបានប្រជាពលរដ្ឋជាអាជីវករលក់ដូរ មន្ត្រីរាជការ មជ្ឈដ្ឋានទូទៅក្នុងខេត្តរតនគិរី រង់ចាំមើលថា តើរបត់ក្នុងការដឹកនាំរបស់ អភិបាល នៃគណៈអភិបាលខេត្ត ញ៉ែម សំអឿន មានមន្តអាគមអ្វីសូត្រផ្លុំបន្សាបពិសបានដែរឬទេ ដល់ក្រុមហ៊ុនវិនិយោគផ្សារ ហេង ដារ៉ា ដើម្បីស្អំចិត្តរបស់បងប្អូនប្រជាពលរដ្ឋអាជីវករ ។/






