- ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​

​នា​ព្រឹក ថ្ងៃ​ពុធ ១៤ កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ដែល​មាន​ចំនួន​សរុប ១១៧ រូប​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​យុត្តិធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ រួម​ទាំង​អតីត​សិស្ស​ក្រឡាបញ្ជី​ជំនាន់​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។​

​ជា​កិច្ច​ចាប់ផ្ដើម ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់ ឯកឧត្តម​បណ្ឌិត​រដ្ឋ ឈន ព្រលឹង ប្រធាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ បាន​បង្ហាញ​នូវ​តួនាទី និង​ភារកិច្ច​របស់​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ ដែល​ជា​សេនាធិការ​ក្នុង​ការបណ្តុះ បណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ និង​បាន​គោរព​រាយការណ៍​ដោយ​សង្ខេប​នូវ​ការបណ្តុះបណ្តាល​សិស្ស សាលា​ភូមិន្ទ​ក្រឡាបញ្ជី ចាប់តាំងពី​ពេល​បង្កើត​រហូតមកដល់​ពេលបច្ចុប្បន្ន គឺ​មាន​ការបណ្តុះបណ្តាល​សិស្ស​ក្រឡាបញ្ជី​បាន ៧ ជំនាន់ រួចមកហើយ ដែល​មាន​ចំនួន​សរុប ៦៨៩​រូប (​ស្ដ្រី ១៩៥​រូប​), នេះ​ដោយ​មិនទាន់​រាប់ បញ្ចូល​សិស្ស​ក្រឡាបញ្ជី​ជំនាន់​ទី​៨ ចំនួន ១០១​រូប ផ្សេងទៀត ដែល​សព្វថ្ងៃ​កំពុង​ត្រៀម​ទទួល​ការបណ្តុះបណ្តាល​នៅ​ឡើយ​នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ តុលាការ ក្នុង​ការខិតខំ​ផលិត​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ក្នុងនោះ​រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា​សាលា និង​សារការី ប្រកបដោយ​គុណភាព និង​ចំណេះដឹង ដើម្បី​ទៅ​បម្រើ​សេវា​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​តួនាទី និង​ភារកិច្ច​ដ៏​សំខាន់​របស់​ក្រឡាបញ្ជី​នៅ​គ្រប់​កិច្ច​នៃ​នីតិវិធី​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​ក្រឡាបញ្ជី គឺជា​ជំនួយ​ដល់​អង្គ​តុលាការ និង​អង្គ​អយ្យការ​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់ អតីត​សិស្ស​ក្រឡាបញ្ជី​ទាំងអស់ ដែល​ជា​យុវជន​ទើប​ចាប់ផ្កើម​វិជ្ជាជីវៈ ក្នុងនាម​ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល ត្រូវតែ​ការពារ​សន្តិភាព​ជាដាច់ខាត ដើម្បី​វិបុលភាព​កម្ពុជា រួម​ទាំង​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ទាំងអស់ ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាមច្បាប់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

Leave a Reply

Your email address will not be published. Required fields are marked *