- ព័ត៌មានជាតិ

គ្រឿងញៀន​ជាង​២០​គីឡូក្រាម ត្រូវ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ក្រាប​បាន​ពេល​ចុះ​ត្រួតពិនិត្យ​រថយន្ដ​អត់​ពន្ធ នៅ​ខេត្ត​ព្រៃវែង

(​ព្រៃវែង​)៖ អនុវត្តតាម​បទបញ្ជា​របស់​លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​លោក អគ្គនាយករង កើត សុទ្ធា​រ៉ា លើ​ចំណាត់ការ​ចំពោះ​រថយន្ត​គ្មាន​ពន្ធ ដែល​មាន​ស្រាប់​នៅក្នុង​ស្រុក នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ នៅ​ភូមិ​ឡឹ​ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​, មន្ត្រី​គយ និង​រដ្ឋាករ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស បាន​ធ្វើ​ការត្រួតពិនិត្យ​អនុលោមភាព​ពន្ធ​នាំ​ចូល​រថយន្ត​ម៉ាក AUDI Q7 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែល​ជា​ផ្លាកលេខ​ក្លែងក្លាយ​។

​នៅពេល​ត្រួតពិនិត្យ​ក្នុង​រថយន្ត មន្ត្រី​គយ​បាន​រកឃើញ​នូវ​ម្សៅ​ក្រាម និង​ថ្នាំ​គ្រាប់​មួយចំនួន​។ ដោយ​សង្ស័យ​អាច ជា​សារធាតុ​ញៀន មន្ត្រី​គយ និង​រដ្ឋាករ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​រូប និង​ចាប់​យក​រថយន្ត និង​សារធាតុ​សង្ស័យ បញ្ជូន​មក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ធ្វើ​តេស្ត និង​បន្ត​នីតិវិធី​។​

​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្វើតេស្ត​បឋម​លើ​សារធាតុ​សង្ស័យ ឃើញ​លទ្ធផល​ថា​ជា​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន ៣​ប្រភេទ មាន​ទម្ងន់​សរុប​២០,៧៥២.៤​ក្រាម ក្នុងនោះ ប្រភេទ MDMA ១៥,៧៤២​ក្រាម​, ប្រភេទ​កេតា​មីន​៤,៩៩៦​ក្រាម​, និង​មេតំ​ហ្វេ​តា​មីន​១៤.៤​ក្រាម​។​

​បច្ចុប្បន្ន​មន្ត្រី​គយ និង​រដ្ឋាករ​បានប្រគល់​ជនសង្ស័យ​និង​វត្ថុតាង​ចាប់យក​ខាងលើ ជូន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *