- ព័ត៌មានជាតិ

រដ្ឋបាល ខេត្ត​កណ្តាល​ក្រោម​ការដឹកនាំ​ឯកឧត្តម​គង់​សោភ័ណ្ឌ​ចុះ​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពញាឮ​ជាក់ស្តែង​តាម​ដង​ទន្លេសាប​!

ខេត្ត​កណ្តាល ៖ ​នៅ​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២២ លោក ហេង​សុភា​រិទ្ធ បាន​អំពាវនាវ និង​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួមគ្នា​គោរព​ច្បាប់​ស្ដីពី​ជលផល​ទាំងអស់គ្នា ជាពិសេស​ប្រជា​នេសាទ សូម​យោគយល់ និង​សុំ​ឱ្យមាន​ការចូលរួម​ថែរក្សា ការពារ នូវ​ធនធាន​ជលផល​ឱ្យ​គង់វង្ស ដោយ​ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​ស្ដីពី​ជលផល​ហាមឃាត់ ដូចជា​៖ ឧបករណ៍ ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង លប​នរក​ជាដើម មក​ធ្វើ​ការនេសាទ​ក្នុង​ដែន​នេសាទ ទាំង​នៅ​តាម​ដង​ទន្លេ បឹង ព្រែក ស្ទឹង និង​អូរ ព្រោះថា ឧបករណ៍​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទាំង​ត្រី​មេ​ពូជ និង​កូន​ត្រី​តូចៗ ដែល​ជា​ដើម​ហេតុ​ធ្វើ​ត្រី​ផុត​ពូជ​។​

​ការអំពាវនាវ​នេះ​បាន​ធ្វើឡើង ក្នុងឱកាស​ដែល​ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល និង​លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ បាន​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​ពិនិត្យ​មើល​បទល្មើស​នេសាទ ដើម្បី​ធ្វើ​ការបង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង តាម​ដង​ទន្លេសាប ត្រង់​ចំណុច​ភូមិ​តា​ពៅ ភូមិ​ជ្រោយ​សំបួរ ស្ថិតក្នុង​ឃុំ​កោះ​ចិន​និង​ភូមិ​ជ្រៃ​អណ្ដែត ស្ថិតក្នុង​ឃុំ​កំពុង​អុស​។​

​លោក ហេង សុភា​រិទ្ធិ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្តាល បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ ការបង្ក្រាប​បទល្មើស​នេសាទ​នេះ កម្លាំង​ជំនាញ​បានសម្រេច​រុះរើ និង​បំផ្លាញចោល​លូ​ស្បៃ​មុង ចំនួន ៣៣​មាត់​លូ របាំង​ស្បៃ​ប្រវែង ២៩០០​ម៉ែត្រ បង្គោល​តូចធំ ចំនួន ១៩៨០​ដើម​និង​លប​នរក​ចំនួន ២០​គ្រឿង​។

​លោក​បាន​បញ្ជាក់ថា​ដើម្បី​លុបបំបាត់់​បទល្មើស​នេសាទ​ខុសច្បាប់​បាន លុះត្រា​ប្រជា​នេសាទ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ស្ដីពី​ជលផល​ទាំងអស់គ្នា ពីព្រោះ​បើ​ពឹង​លើ​កម្លាំង​សមត្ថកិច្ច​តែ​ម្ខាង​គឺ​មិន​អាច​បង្ក្រាប​បាន​ជោគជ័យ ១០០%​បានទេ គឺ​យើង​ទាំងអស់គ្នា​ត្រូវតែ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ទើប​ធ្វើឱ្យ​ធនធាន​ជលផល​មាន​ការកើនឡើង គង់វង្ស​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។

​លោក​បញ្ជក់​ទៀតថា ខណ្ឌ រដ្ឋបាល ជលផល ខេត្ត​កណ្តាល នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ចុះ​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស ជលផល​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល​ឱ្យ​ដូច​ភ្លៀងរលឹម​ចាប់ពី​ពេលនេះ​តទៅ​ពិសេស​ចាត់វិធានការ​ទៅលើ​ឡូត៍​ដាយ​ត្រី​ខុសច្បាប់​ទាំងអស់​ដើម្បី​ជួយ​ការពារ​ធនធាន​មច្ចា​ជាតិ​របស់​យើង​មាន​ការកើនឡើង ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​ហា​សេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​ពេល​ថ្មីៗ​នេះ បាន​ជម្រុញ​ឱ្យ​ក្រសួង​ស្ថាបន័​ពាក់ពន្ធ័​ក្នុង​ដែន​សមត្ថកិច្ច​នេសាទ​ទាំងអស់​ត្រូវ​បង្ក្រាប​បទ​ល្មើ​នេសាទ​គ្រប់​ប្រភេទ​ឱ្យអស់ ដើម្ប​ធ្វើឱ្យ​ធនធានម​ច្ចា​ជាតិ​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

Leave a Reply

Your email address will not be published. Required fields are marked *