- ព័ត៌មានជាតិ

មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០២០-២០២១ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០២១-២០២២

មណ្ឌលគិរី​៖ លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០២០-២០២១ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០២១-២០២២ ដោយ​មាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​លោកគ្រូ អ្នកគ្រូ​ជាច្រើនរូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​មណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​មន្ត្រី​អប់រំ​បុគ្គលិក​សិក្សា លោកគ្រូ អ្នកគ្រូ រួម​អាជ្ញាធរ​ដែនដី សហគមន៍ អង្គការ​ជាតិ អង្គការក្រៅរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួនាទី​រៀងៗ​ខ្លួន ហើយ​កន្លង​មក​ដើម្បី​បុព្វហេតុ​ការអប់រំ​ប្រកបដោយ​គុណភាព ទោះបី​មាន​ការលំបាក​ហើយ​យ៉ាងណាក្តី រួម​ទាំង​ការប្រឈមមុខ​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៌​កាច​សាហាវ​យ៉ាងណាក្តី​។

​លោក បញ្ជាក់ថា មានតែ​ការអប់រំ​ទេ ដែល​ជា​គន្លឹះ​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ឲ្យមាន​ចំណេះដឹង ចំណេះធ្វើ និង​អប់រំ​ឲ្យ​ចេះ​រួម​រស់នៅ​ជាមួយគ្នា គោរព​ស្រឡាញ់​រាប់អាន​គ្នា​ជួយ​គ្នា ទៅវិញទៅមក គ្មាន​អំពើហិង្សា និង​គ្មាន​ការរើសអើង​។ លោក បន្ថែមថា ការប្រជុំ​បូកសរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​នាពេលនេះ គឺជា​ឱកាស​មួយ​សម្រាប់​ឱ្យ​មន្ត្រី​អប់រំ​សំខាន់ៗ​ទាំង​នៅ​ថ្នាក់មូលដ្ឋាន មកជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា នូវ​ចំណេះដឹង និង​បទពិសោធន៍ ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដើម្បី​រិះរក​វិធានការ​សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ​ខេត្ត​យើង ឱ្យ​ឆ្លើយ​តប​ទៅនឹង​សំណូមពរ​ជាក់ស្ដែង នៃ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត ក៏បាន​ផ្តល់​នូវ​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​ជា​ការរួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ​កម្មវិធី​គាំទ្រ​វិស័យ​អប់រំ រួមមាន​៖ ទី​១. អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បំផុស និង​ជំរុញ​ដល់​កុមារ ដល់​វ័យ​សិក្សា​ឱ្យបាន​ចូលរៀន​គ្រប់ៗ​គ្នា ទី​២. អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​ចេញ​ទៅ​បម្រើ​ការងារ​តាម​សាលា​នៅ​មូលដ្ឋាន ទី​៣. អង្គការ​ជាតិ អង្គការ​អន្តរជាតិ បន្ត​ចូលរួម​ចំណែក​បន្ថែមទៀត​ទាំង​បច្ចេកទេស និង​សម្ភារៈ​ដល់​វិស័យ​អប់រំ ទី មន្ត្រី​គ្រប់គ្រង​អប់រំ ថ្នាក់​ខេត្ត ស្រុក លោកនាយក នាយិកា​គ្រប់​សាលា​ទាំងអស់ ត្រូវខិតខំ​បន្ថែមទៀត​ធ្វើឱ្យ សម្រេច​ចំណុច​គោលដៅ​របស់​ក្រសួង​អប់រំ ដើម្បី​ឈាន​ទៅ​សម្រេច​ការអប់រំ​សម្រាប់​ទាំងអស់​គ្នា​នា​ឆ្នាំ​២០៣០ ប្រកបដោយ​គុណភាព ទី​៥. ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​ឲ្យបាន​ជាប្រចាំ និង​ធ្វើ​ការណែនាំ​ដល់​សិស្ស​គ្រប់​គ្នា​ត្រូវតែ​មាន​អនាម័យ​ជាប្រចាំ​ផងដែរ​។​

​លោក ទឹម សង្វាត ប្រធាន​មន្ទីរ​យុវជន និង​កីឡា​ខេត្ត បានឲ្យដឹងថា សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្ត រយៈពេល​មួយ​ថ្ងៃ​ពេញ តាមរយៈ​បទ​បង្ហាញ របស់​មន្ទីរ​- បទ​បង្ហាញ​អង្គការ​ដៃគូ -​បទ​បង្ហាញ​អនុវិស័យ​អប់រំ​កុមារ​តូច -​បទ​បង្ហាញ​អនុវិស័យ​អប់រំ​ឧត្តមសិក្សា -​បទ​បង្ហាញ​អនុវិស័យ​អប់រំ​សិក្សា​និង​អប់រំ​បច្ចេកទេស -​បទ​បង្ហាញ​អនុវិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ -​បទ​បង្ហាញ​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​និង​អនុវិស័យ​ការអភិវឌ្ឍ​អប់រំ​កាយ​និង​កីឡា​។ នៅក្នុង​បទ​បង្ហាញ​បាន​ផ្តោត​សំខាន់​លើ​លទ្ធផល​សម្រេច​បាន​បញ្ហា​ប្រឈម​ចម្បងៗ វិធានការ​ដោះស្រាយ សំណូមពរ និង​ទិសដៅ​សម្រាប់​អនុវត្ត​នៃ​ឆ្នាំ​សិក្សា​ខាងមុខនេះ នៅ​ក្នុង​ប្រធានបទ​នីមួយៗ នៃ​បទ​បង្ហាញ​ក៏បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលរួមបាន​ចោទសួរ​ជា​សំនួរ ចម្លើយ នឹង​ផ្ដល់​ធាតុ​ចូល ដើម្បី​ជា​យន្តការ​សម្រាប់​គាំទ្រ​បន្ថែម ក្នុង​ការពង្រឹង​និង​ពង្រីក​វិស័យ​អប់រំ​យុវជន​និង​កីឡា​ក្នុង​ខេត្ត ឲ្យមាន​ការរីកចម្រើន​ជាពិសេ​ស​សម្រេច​ឲ្យ​បាន​គោលនយោបាយ​ដែល​បាន​ចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៩-២០២៣ ដែល​បាន​នឹង​កំពុង​អនុវត្ត​នាពេលនេះ​។​

​នា​ឳ​កាស​នោះដែរ លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត ក៏បាន​ផ្តល់​ប័ណ្ណ​ថ្លែងអំណរគុណ និង​ប័ណ្ណសរសើរ​ដល់​អង្គការ​ដៃគូ​នានា និង​លោក​នាយក នាយិកា​ទាំង​១០៧​សាលា​នៅ​ទូទាំង​ខេត្ត និង​បាន​ផ្តល់​មេក្រូ អាំភ្លី ម៉ាស៊ីន​ចម្រុះ​ទឹកស្អាត និង​សូ​ឡា ជូន​ដល់​សាលា​ចំនួន ០៩​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *