- ព័ត៌មានជាតិ

ឯកឧត្តម​អភិបាលខេត្ត​កណ្តាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​សិក្សា​២០២១-២០២២

​ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២០-២០២១ និង​លើក​ទិសដៅ​សិក្សា ២០២១-២០២២ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​របស់​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្ត ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដែល​មន្ទីរ និង​ដៃគូរ​អភិវឌ្ឍន៍ បានរួម​គ្នា សម្រេច​បាន​កិច្ចការ​ធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្ត​បង្កើន​ការ​ចូល​រៀន​ប្រកបដោយ​សមធម៌​នៅ​គ្រប់​កម្រិត​។ ពិសេស​ការអប់រំ​មូលដ្ឋាន រយៈពេល​៩​ឆ្នាំ តាមរយៈ​ការបង្ក​លក្ខណៈសម្បត្តិ​អនុគ្រោះ​នានា ដើម្បី​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក មាន​លទ្ធភាព​ចូល​សិក្សា ការពង្រឹង និង​ពង្រីក​អភិបាលកិច្ច​គ្រឹះស្ថានសិក្សា​សាធារណៈ ការដោះស្រាយ​តម្រូវការ​បន្ទាន់​ភ្លាមៗ និង​ការបង្កើន​អាហារ​រូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​គាំទ្រ ដល់​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្ត លើ​ការងារ​ចលនា​ឱ្យ​យុវជន ចូលរួម​កាន់តែ​សកម្ម ក្នុង​ការរៀបចំ​បណ្តាញ​យុវជន​ស្មគ្រ័ចិត្ត យុវជន​កាកបាទក្រហម និង​ការបង្កើន​សមាជិក​ចលនា​កាយ​រឹទ្ធិ ត្រូវ​បន្ត​ពង្រឹង​ជំនាញ បច្ចេកទេស និង​ជំនាញ​ទន់​សម្រាប់​យុវជន ស្រប​ជាមួយនឹង​ការផ្ដល់​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់​យុវជន និង​តម្រង់​ទិស​សិក្សាអប់រំ ដល់​យុវជន​អំពី​បំណិន​ជីវិត ស្ដី​ពី​ការការពារ​ជំងឺអេដស៍ ការបំបាត់​ការប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង ច្បាប់​ចរាចរណ៍ និង​អំពើហឹង្សា ក្នុង​ចំណោម​យុវជន​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​កាយ និង​កីឡា ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ឱ្យ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ត្រូវ​ធ្វើឱ្យ​វិស័យ​នេះ ប្រែក្លាយ ទៅ​ជា​វិស័យ​ឈានមុខ និង​ទទួល​ការ​សាទរ គឺ​មហាជន តាមរយៈ​ការធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​កាយ និង​កីឡា ដើម្បី​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ជា​ពិសេស​ត្រូវ​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់ គ្រប់​ទិដ្ឋភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ទាំង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស ព្រមទាំង​ការអនុវត្ត​ជាក់ស្តែង បានធ្វើឱ្យ​មាតាបិតា អាណាព្យាបាល សាធារណៈជន និង​ប្រជាជន​មាន​ជំនឿ​ទុកចិត្ត​គាំទ្រ និង​ចូលរួម​លេង កីឡា កាន់តែច្រើន ស្រប​នឹង​ទិស​ស្លោក “​ប្រជាជន​មួយ​នាក់ កីឡា​មួយ​ប្រភេទ​” ។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា សន្និបាត​អប់រំ​ឆ្នាំនេះ គឺ​បាន​លើកឡើង​នូវ​បទ​បង្ហាញ និង​ប្រធានបទ​ពិភាក្សា​ដែល សុទ្ធតែ​ឆ្លើយតប​ទៅ​នឹង​ខ្លឹមសារ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​ផ្ដល់​អាទិភាព​ជា​ចម្បង​ទៅ លើ​វិស័យ​អប់រំ ជាពិសេស​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ធានា​លើកកម្ពស់​កម្រិត​ជំនាញ​របស់ យុវជន​យើង​ឱ្យ​ឆ្លើយ​តប​តាម​ទីផ្សារ​ពលកម្ម​ក្នុងប្រទេស និង​ក្នុង​តំបន់ ដូច្នេះ​សូម​អង្គសន្និបាត​ទាំងមូល ធ្វើការ​ពិចារណា និង​ពិភាក្សា​បន្ថែម​ទៅ លើ​ប្រធានបទ ដែល​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ធ្វើឱ្យ​អង្គសន្និបាត ដំណើរការ​ដោយ រលូន និង​ប្រមូលបាន​នូវ​ធាតុ​ចូល​ល្អៗ បង្កើតបាន​ជា​ទិសដៅ សម្រាប់​អនុវត្ត​ក្នុង​បណ្តា​ឆ្នាំ ខាង​មុខ​បន្តបន្ទាប​ទៀត​។

​លោក ចេង សំ​អ៊ុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល បានឱ្យដឹងថា សន្និបាត​អប់រំ​យុវជន និង​កីឡា​ខេត្ត គឺ​មាន​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់ លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ដែល​ជា​របត់​ដឹកនាំ​របស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ ក្នុងនោះ​ប្រធានបទ​ផ្ដោតលើ​៖ ១-​ការផ្តល់​សេវា​អប់រំ​កុមារ​តូច ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កុមារ​ចូលរៀន​នៅ​បឋមសិក្សា ២-​សាលារៀន​ស្អាត នាយក​/​នាយិកា​ល្អ និង​គ្រូ​បង្រៀន​ល្អ​
៣-​តេស្ត​ស្តង់ដា​នៅ​មធ្យមសិក្សា ផ្លាស់ប្តូរ​ឥរិយាបទ​របស់​គ្រូ សិស្ស ក្នុង​ការបង្រៀន និង​រៀន បង្កើន​លទ្ធផល​សិក្សា​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ៤-​មជ្ឈមណ្ឌល​សហគមន៍​ផ្សាភ្ជាប់​នឹង​ការសិក្សា​ពេញ​មួយ​ជីវិត​តាម​គន្លង​ប្រក្រតីភាព​ថ្មី ៥-​ការអប់រំ​បំណិន​សត​វ​ត្ស​ទី​២១ សម្រាប់​យុវជន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ នៅ​តាម​សាលារៀន និង​៦-​ប្រជាពលរដ្ឋ​ម្នាក់​ចេះ​លេង​កីឡា​មួយ​ប្រភេទ​យ៉ាងតិច ប្រចាំ​ជីវិត​៕​

Leave a Reply

Your email address will not be published. Required fields are marked *