- ព័ត៌មានជាតិ

អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ប្រកាស​ផ្ដល់​ស្ពាន ១ ខ្សែ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​លើកដែក​ស្រុក​កោះធំ ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល​៖ ស្ពាន​បាក់​ចង្ការ​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​ជាង ៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅ​ភូមិ​ពាម​ផ្ទាល​កើត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ត្រូវបាន​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ប្រកាស​ផ្ដល់​ជូន​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្នុងឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង កំផែង​គ្រឹះ​ការពារ​ច្រាំង​អន្លង់​អភិរក្ស​មច្ចជាតិ សមិទ្ធផល​នានា និង​ស្រោចស្រព​សុគន្ធវារី ប្រគេន ព្រះគ្រូ​បញ្ញា​ប​ទី​បោ ជួន ណា​រៀម ឡើង​ជា​ទីប្រឹក្សា​ផ្ទាល់ សម្ដេច​ព្រះ​មហា​សុធា​ធិបតី កិត្តិ​បណ្ឌិត ន​ន្ទ ង៉ែត សម្តេច ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សមុហ៍​សាលា​អនុគណ​ស្រុក​កោះធំ និង​ជា​ចៅអធិការ​វត្ត​ជ្រោយ នៅ​ភូមិ​ពោធិ៍​មិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បន្តថា​៖ បន្ទាប់ពី​ទទួលបាន​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ស្នើសុំ​សាងសង់​ស្ពាន​បាក់​ចង្ការ មួយកន្លែង ស្ថិតនៅ​ភូមិ​ពាម​ផ្ទាល​កើត ឃុំ​លើកដែក ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​។ បន្ទាប់​ពី​ឯកឧត្ដម​បាន​ចុះ​ពិនិត្យ​មើល​ជាក់ស្ដែង នៅ​ទីតាំង​ស្ពាន​បាក់​ចង្ការ​រួចមក​បាន​ពិនិត្យឃើញ​ថា ស្ពាន​នេះ​ចាស់​សាងសង់​អំពី​ឈើ​មាន​សភាព​តូចចង្អៀត និង​ចាស់​ទ្រុឌទ្រោម ដែល​តម្រូវ​ឱ្យ​មាន​ការ​សាងសង់​ស្ពាន​ថ្មី​ឡើងវិញ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​ផ្ទាល់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឆ្លងកាត់​នៅ​ទីនេះ​ផងដែរ​។ ឯកឧត្តម​អភិបាលខេត្ត បានប្រកាស​ទទួលយក​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ស្រុក​កោះ​ធំ​សិក្សា​លំអិត ដើម្បី​លើកយក​សំណើ​នេះ​ដាក់ចូល​ក្នុង​ផែនការ ហើយ​ឯកឧត្តម​ក៏​បាន​បញ្ជាក់បន្ថែម​ថា សំណើ​នេះ​នឹង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​វិញ​ផង​ដែរ​។

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស​។ កត្តា​សន្តិភាព​នេះហើយ បាន​ធ្វើឱ្យ​ប្រទេស​របស់​យើង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​រួម​ទាំង វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ ជាក់ស្ដែង​កំផែង​គ្រឹះ​ការពារ​ច្រាំង​អន្លង់​អភិរក្ស​មច្ចជាតិ និង​សមិទ្ធផល​នានា នៅ​វត្ត​ជ្រោយ នា​ថ្ងៃនេះ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​នេះ​ឱ្យបាន​គង់វង្ស​នៅ​ស្ថិតស្ថេរ​រហូត​ទៅ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កោះធំ គណ​:​កម្ម​ការ​អាចារ្យ ចៅអធិការ​វត្ត សប្បុរសជន​និង​ពុទ្ធបរិស័ទ ដែល​បាន​រួម​សហការ​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រេចបាន​នូវ​សមិទ្ធផល​ក្នុងកា​រក្សាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សំដៅ​លើកកម្ពស់​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ។​

 

Leave a Reply

Your email address will not be published. Required fields are marked *