ខេត្តកណ្តាល: នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ដោយមានការអង្អុលបង្ហាញអំពី លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួលបានចាត់តាំងអោយលោក សុិន សុវី ប្រធានរដ្ផបាលស្រុកអង្គស្នួលដឹកនាំក្រុមការងារចុះត្រួតពិនិត្យកំណាត់ផ្លូវខូចខាតនៅក្នុងមូលដ្ផានឃុំព្រៃពួចនិងឃុំលំហាច ។
ទីតាំងដែលត្រូវចុះត្រួតពិនិត្យរួមមាន÷
១.រណ្តៅ និងការដ្ឋានខ្សាច់មានចំនួន ០៤ រួមមាន៖
-រណ្តៅ លោក ផុន ឈុនណាង (ភូមិអូរកំបុត ឃុំព្រៃពួច) អាជ្ញាប័ណ្ណលេខ ០៧៩ (២៥.៤.២០២២) ចេញដោយរដ្ឋបាលខេត្តកណ្តាល
-រណ្តៅ លោក អ៊ិន សុភី (ភូមិឈើទាល ឃុំព្រៃពួច) (ពុំបានបង្ហាញអាជ្ញាប័ណ្ណ)
-រណ្តៅ លោក ហាក់ ថាវី (ភូមិកណ្តាល ឃុំលំហាច) អាជ្ញាប័ណ្ណលេខ ៣០២ (១១.៣.២០២២) ចេញដោយរដ្ឋបាលខេត្តកណ្តាល
-រណ្តៅ លោក សែម វណ្ណា (ភូមិយសមេត្រី ឃុំលំហាច) អាជ្ញាប័ណ្ណលេខ ៧៦៧ (១៥.១១.២០២១) ចេញដោយរដ្ឋបាលខេត្តកណ្តាល ។
២.ការដ្ឋានរណ្តៅទាំង៤ខាងលើ ពិតជាមានសកម្មភាពដឹកខ្សាច់ចេញ បណ្តាលឲ្យខូចខាតផ្លូវចំនួន ០៣ ខ្សែ សរុបប្រវែង ៧០០ ម៉ែត្រ និងមានជង្ហុកដោយអន្លើរៗ
៣.ពិតជាមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន ០៧ ភូមិ (ភូមិអូរកំបុត ភូមិស្វាយ ភូមិពាម ភូមិក្រាំងលាវ ភូមិអង្គរស្មី ឃុំព្រៃពួច ភូមិកណ្តាល ភូមិយសមេត្រី ឃុំលំហាច) ពិសេសមានប្រជាពលរដ្ឋ សិស្សសាលា និងកម្មករ ដួលជាញ៉ឹកញ៉ាប់ ដោយសារផ្លូវមានជង្ហុក និងរអិលភុក ។
ក្រោយការពិនិត្យក្រុមការងារបានសម្រេច៖
១.ធ្វើកំណត់ហេតុផ្អាកសកម្មភាពការដ្ឋានទាំង៤ ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ១២ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រហូតមានការសម្រេចជាថ្មី
២.តម្រូវឲ្យក្រុមហ៊ុនទាំង៤ ជជែកគ្នា ដើម្បីចូលរួមវិភាគទានជួសជុលផ្លូវដែលខូចខាតឡើងវិញ ឲ្យបានប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលឡើងវិញ
៣.ណែនាំឲ្យក្រុមហ៊ុនថែទាំ និងជួសជុលផ្លូវដែលឡានដឹកខ្សាច់ចរាចរណ៍ជាប្រចាំ និងហាមមិនឲ្យមានការរំខានដល់ការរបស់នៅរបស់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ និងនៅក្បែរការដ្ឋានខ្សាច់
ជាលទ្ធផល ម្ចាស់ការដ្ឋានរណ្តៅខ្សាច់ ទាំង៤៖
១.បានឯកភាពបិទការដ្ឋានជាបណ្តោះអាសន្ន ដោយទទួលយកការណែនាំ និងសន្យាអនុវត្តតាមការណែនាំដូចមានក្នុងកំណត់ហេតុ ។
២. នៅរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ផុន ឈុនណាង ដាក់គ្រឿងចក្រចូលឈួសឆាយ និងធ្វើផ្លូវឡើងវិញ ចំនួន ៥០០ ម៉ែត្រ នៅចំណុចភូមិអូរកំបុត្រ ឃុំព្រៃពួច ដោយគៀភក់ដែលនៅលើផ្លូវចេញ ហើយចាក់ដី និងថ្មថ្មីវិញ ដោយត្រៀមនឹងដាក់រ៉ូឡូកិនបង្ហាប់ឲ្យបានងាយស្រួល ហើយគ្រោងនឹងរួចរាល់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ ។
៣.ក្រុមការងារចំរុះកំពុងបន្តពិនិត្យ និងតាមដានការសន្យារបស់ការដ្ឋានរណ្តៅខ្សាច់ ចំនួន ៣ ដែលមិនទាន់ចាប់ផ្តើមឈួសឆាយជុលជុលផ្លូវឡើងវិញ
៤.ប្រជាពលរដ្ឋ ជាច្រើនបានចេញមកអបអរសាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ តាមការណែនាំរបស់ លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងបានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅដល់លោកអភិបាលស្រុក ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ហើយពួកគាត់ក៍បានសន្យាថានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេច ហ៊ុន សែន គ្រប់ៗអាណត្តិផងដែរ ។






