- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​វិស័យ​ទេសចរណ៍​

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​វិស័យ​ទេសចរណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​។​
​ក្នុង​ឱកាស​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​រយៈពេល​ប្រមាណ​ជាង​៣០​នាទី​,

ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង ៖
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​សម្រេច​បាន​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ទេសចរណ៍ ព្រមទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ការស្តារ និង​ការលើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រីកលូតលាស់​គួរ​ជាទី​មោទនៈ​។ ជា​អកុសល​ការរីកចម្រើន​នៃ​វិស័យ​នេះ ត្រូវបាន​បង្អាក់​ស្ទើរតែ​ទាំងស្រុង ក្នុង​អំឡុង​ពេល​ជាង ២​ឆ្នាំ​ចុងក្រោយ ដោយសារ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដែល​ជះ​ឥទ្ធព​លអ​វិជ្ជមាន និង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ នៅ​ទូទាំង​សកលលោក​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វិស័យ​ទេសចរណ៍​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​ជំងឺ​កូវី​ដ​-១៩ បាន​ផ្អាក​ការធ្វើដំណើរ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បង្ខំ​ឱ្យ​អាជីវកម្ម​ទេសចរណ៍ និង​ធុរកិច្ច ពាក់ព័ន្ធ​បិទទ្វារ និង​ធ្វើឱ្យ​បុគ្គលិក​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ ។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​អន្តរាគមន៍​ចំនួន ១០​ជុំ រួម​ទាំង​វិធានការ​នានា នៅ​ឆ្នាំ​២០២២​នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ មក​លើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច សំដៅ​ធានា​លំនឹង​ជីវភាព ប្រចាំថ្ងៃ​របស់​ប្រជាជន និង​លំនឹង​នៃ​សកម្មភាព​សេដ្ឋកិច្ច ធុរកិច្ច និង​វិនិយោគ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ «​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​» ក្នុង​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​បដិភាគ​រវាង​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ការបើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ការកែលម្អ និង​ធ្វើ​ទំនើបកម្ម​សេវា​ទេសចរណ៍ ព្រមទាំង​ការពង្រីក​ខ្លួន និង​ធ្វើ​ពិពិធ​កម្ម​សេវា​ទេសចរណ៍ សំដៅ​ទាក់ទាញ និង​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងដំណាក់កាល​ងើប​ឡើងវិញ​នេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ «​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូវី​ដ​-១៩» និង «​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៣» ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​មួយ នៅក្នុង​តំបន់ ដែល​បាន​បើកចំហ ដោយ​កាត់បន្ថយ​របាំង​ទទួល​ទេសចរ​អន្តរជាតិ ក្នុង​ការ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ហើយ​កាលពី​ខែ មីនា ឆ្នាំ​២០២២ កម្ពុជា​ក៏​បាន​សម្រេច​បើក​ការធ្វើដំណើរ​តាម ច្រកទ្វារ​អន្តរជាតិ​ឡើងវិញ និង​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មកដល់ (Visa on arrival) និង​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យ​បង្ហាញ​លទ្ធផល ភី​ស៊ី​អ (PCR) តេស្ត​អវិជ្ជមាន និង​មិន​តម្រូវឱ្យ​ធ្វើ​តេស្ត​រហ័ស នៅ​ពេល​មកដល់ ដោយ​គ្រាន់តែ​បង្ហាញ​បណ្ណ ឬ ព័ត៌មាន​នៃ​ការចាក់​វ៉ាក់សាំង​គ្រប់ដូស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សង្គ្រាម​រុស្ស៉ី​-​អ៊ុ​យក្រែន និង​ការដាក់ទណ្ឌកម្ម ធ្វើឱ្យ​មាន​សភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តែ​ខ្ពស់ វិបត្តិ​សេដ្ឋកិច្ច​សាកល​កើតមាន ហើយ​នឹង​ជះ​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នយោបាយ «​សូន្យ​កូវី​ដ​១៩» របស់​ចិន ក៏​ជា​ចំណែក​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ដំឡើងថ្លៃ​អគ្គិសនី នឹង​ធ្វើ​ឱ្យ​សណ្ឋាគារ​ប៉ះពាល់​ទាំងអស់​ក្នុង​បរិបទ​នៃ​វិបត្តិកូ​វីដ​១៩​នេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង គឺជា​ចំណែក​ដ៏​ធំ​ក្នុង​ការជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​វិបត្តិកូ​វីដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចលនា​ទេសចរណ៍​ផ្ទៃក្នុង នឹង​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ស្រុកទេស និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ផងដែរ​.
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជា​សំណាង​របស់​ពិភពលោក ដែល​ប្រព័ន្ធ​ឌីជីថល ដើរ​លឿន​មុនកូ​វីដ​១៩ មួយ​ជំហាន​។ បើ​មិន​ដូច្នោះ​ទេ ពិភពលោក នឹង​កាត់​ដាច់​ពី​គ្នា​ជា​កង់ៗ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា បាន​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ពិនិត្យ​ប្រព័ន្ធ Wifi នៅ​តាម​ទីតាំង​សណ្ឋាគារ ដែល​មាន​តែ Wifi តែ​អត់​ដើរ​។​

Leave a Reply

Your email address will not be published. Required fields are marked *