- ព័ត៌មានជាតិ

មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣

​មណ្ឌលគិរី ÷ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២២ មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​មណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក ប៉េង សម្បត្តិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក រឿង ផៃ​រិទ្ធិ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ប្រតិភូ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក លោកស្រី អភិបាល អភិបាលរងក្រុង​/​ស្រុក​ទាំង​៥ មេឃុំ​ចៅសង្កាត់ ទូទាំង​ខេត្ត​មណ្ឌលគិរី ដែល​កិច្ច ប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្ត​មណ្ឌលគិរី ។​

​លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០០៦ សហវ ស្ដីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​កំណត់​ក្រប​ខណ្ឌ​និង​វិធានការ​ព្រមទាំង​គោលការណ៍​បច្ចេកទេស​ក្នុង​ការគ្រោង​ចំណូល​និង​ចំណាយ​សម្រាប់​ជា​មូលដ្ឋាន​របស់​រដ្ឋបាល​រាជធានី​/​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​សាមី សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការប្រើប្រាស់​ថវិកា​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព​នៃ​ការសម្រេច​គោលនយោបាយ​និង​វិស័យ​អតិ​ភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ ។
​លោក​អភិបាលរង​ខេត្ត​បាន​បន្ថែមថា ដើម្បី​ឲ្យ​គោលដៅ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​នៅក្នុង​សារាចរ​នេះ អនុវត្ត​សម្រេច​ជោគជ័យ​បាន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​ត្រូវ​ខិតខំ​រៀបចំ​គម្រោង​ថវិកា​និង​ត្រូវ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រប​ខណ្ឌ​និង​បណ្ដាល​វិធានការ ព្រមទាំង​គោលការណ៍​បច្ចេកទេស​ទាំង​ឡាយ​ផ្នែក​ចំណូល​និង​ចំណាយ​ដែល​បានកំណត់​ក្នុង​សារាចរ​នេះ ។ ម្យ៉ាងទៀត​សូមឲ្យ​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ យកចិត្តទុកដាក់​ស្ដាប់ កត់ត្រា បទ​បង្ហាញ​របស់​ប្រតិភូ​មកពី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ ព្រម​ទាំង​លើក​ជា​សំណួរ​រាល់​ចម្ងល់​នានា ដើម្បីឲ្យ​ការរៀបចំ​ថវិកា​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ​នេះ​ធ្វើឡើង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក រឿង ផៃ​រិទ្ធិ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ការកែទម្រង់រយៈពេល​វែង​និង​គ្រប់​ជ្រុងជ្រោយ ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ថវិកា​កម្មវិធី ដើម្បី​ធានា​បាន​ការផ្សារភ្ជាប់​ថ​វិកា​ទៅនឹង​គោល​នយោបាយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គោលនយោបាយ​ជាតិ ព្រមទាំង​ការធ្វើសមាហរណកម្ម ដើម្បី​ឱ្យ​ផែនការ​យុទ្ធសាស្ត្រ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធិ​ផល ។ លោក​ប្រធាន​មន្ទីរ ក៏​បាន​បញ្ជាក់បន្ថែម​ថា សារាចរ​ណែនាំ​ស្ដីពី​នីតិវិធី​បច្ចេកទេស​នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៣ មាន​គោលបំណង​កំណត់​នូវ​ក្របខ័ណ្ឌ​និង​វិធាន​នៃ​ការបង្កើន​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល អាទិភាព​ចំណាយ និង​គោលការណ៍​សំខាន់ៗ​សម្រាប់​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៅ​ថ្នាក់ក្រោម​ជាតិ ។​

Leave a Reply

Your email address will not be published. Required fields are marked *