- ព័ត៌មានជាតិ

មេ​ឈ្មួញ​បំផ្លាញ​ផល​អនុផល​ព្រៃឈើ​ដុះ​ស្លែ ប្រចាំ​ខេត្ត​កំពង់ធំ ឈ្មោះ ទៀប ធួ​ក ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត និង ចាប់វាយ​ខ្នោះ​

(​កំពង់ធំ​)៖ កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ ស្ទាក់​ចាប់​រថយន្ត​ដឹក​ផល​ព្រៃឈើ​ខុសច្បាប់ មេ​ឈ្មួញ​បំផ្លាញ​ផល​អនុផល​ព្រៃឈើ យ៉ាងសកម្ម ឈ្មោះ​ទៀប ធួ​ក​(​ហៅ​ធួ​ក​) ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ពពេជ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការស្រាវជ្រាវ​អស់​ជា​ច្រើន​ខែ រហូត​ឈាន​មក​ដល់​ការឃាត់ខ្លួន រួម​ទាំង​វត្ថុតាង​មាន​រថយន្ត​ការ៉េ ផ្ទុក​ទៅដោយ​ប្រភេទ​ឈើ​ព្រៃ​ជា​ច្រើន​ម៉ែត្រគូប​ផងដែរ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ត្រង់​ចំណុច​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ឈ្មួញ​ខាងលើនេះ កន្លង​មក​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​ជា​ច្រើន​លើក​ច្រើន​សារ រួម​ទាំង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្តកំពង់ធំ​ទៀតផង តែ​ជន​ខាងលើនេះ​ពុំ​មាន​ការ​រាងចាល​ឡើយ ហើយ​បាន​បង្ក​ភាពចលាចល​ក្នុង​បណ្តាញ​សង្គម និង តាម​ទីសាធារណៈ​ទៀតផង ។​

​សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ថា កន្លងមក ជនល្មើស​ខាងលើនេះ​បាន​ធ្លាប់​ធ្វើ​សកម្មភាព គម្រាមកំហែង​សមត្ថកិច្ច គម្រាម​យក​សាំង​ដុត​រថយន្ត និង​យក​សាំង​ដុត​ខ្លួនឯង ជា​ហូ​ហែរ អោយ​តែ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ​នោះ « តើ​មានច្បាប់​អនុញ្ញាតិ ឬ​ក៏​គ្មាន​ច្បាប់​» ។ តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹង​ថា​ជនសង្ស័យ​ខាងលើនេះ មាន​រថយន្ត​ធន់​ធំ សំរាប់​ជា​មធ្យោបាយ​ដឹក​ផល​ព្រៃឈើ​ជា​ច្រើន​គ្រឿង និង​រថយន្ត​សម្រាប់​ធ្វើ​ការរារាំង​សមត្ថកិច្ច​ផង​ដែរ​។​

​ក្នុងនោះដែរ​យោងតាម​ច្បាប់​រដ្ឋបាល​ព្រៃ ក្នុង​មាត្រា ៩៦-​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ព្រៃឈើ​ជា​ប្រាក់​ចំនួន​ពី​ពីរ (២)​ទៅ បី​(៣)​ដង នៃ​តម្លៃ​វត្ថុតាង​ពិតប្រាកដ​នៃ​ទីផ្សារ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​។ មាត្រា ៩៧- ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ប្រាំ (៥)​ឆ្នាំ ទៅ​ដប់ (១០)​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុតាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ ដកហូត​កិច្ច​ព្រម ព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និង​កំទេច​ចោល​វត្ថុតាង​ក្លែង ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ។ និង​មាត្រា​៩៨- ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ២ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពីមួយ (១)​ឆ្នាំ ទៅ​ប្រាំ (៥)​ឆ្នាំ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ដប់​លាន (១០.០០០.០០០) រៀល ទៅ​មួយ​រយ​លាន (១០០.០០០.០០០)​រៀល ឬ​ផ្តន្ទាទោស​ណាមួយ​នៃ​ទោស​ទាំងពីរ វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​មក​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​។​

​លោក​ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ បាន​ប្រាប់​អោយដឹងថា លោក​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ស្តីពី​ព្រៃឈើ និង​ឈប់​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ និង​ការកាប់​រាន​ដីព្រៃ របស់​រដ្ឋ​។ ម្យ៉ាងវិញទៀត​ចំពោះ ឈ្មោះ​ទៀប ធួ​ក នោះ កន្លងមក​មាន​ការប្រព្រឹត្តិ​បទល្មើស ដុត​បំផ្លាញ​វត្ថុតាង​ផងដែរ​។​

​ទន្ទឹមនឹងនោះ​ដែរ អាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ប្រាប់ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​ជនសង្ស័យ ឈ្មោះ ទៀប ធួ​ក (​ហៅ​ធួ​ក​) បាន​ឆ្លើយ​សារភាព​ថា​ការដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​នេះ​គឺ គ្មាន​ច្បាប់​ទេ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ចម្រុះ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ទៀប ធួ​ក និង​វត្ថុតាង​មួយចំនួន​មក​កាន់​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​វាស់វែង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្តកំពង់ធំ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​វិស័យ​ព្រៃឈើ សូម​សំណូមពរ ជំនាញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សូម​មេត្តា​ដាក់ទោស​ឧក្រិដ្ឋជន​ទាំងឡាយ​ណា​បំផ្លាញ​ធនធានធម្មជាតិ ជាពិសេស​ធនធាន​ព្រៃឈើ​របស់​រដ្ឋ អោយ​សាក​សមនិង​ទង្វើ​ដែល​បាន​ប្រព្រឹត្ត ផង​នោះ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *