- ព័ត៌មានជាតិ

លោក ហ៊ុយ វណ្ណៈ ចម្លែក​ចិត្ត​ការប្រើ​អំណាច​កោះហៅ​អ្នកកាសែត​ឱ្យ​បំភ្លឺ​រឿង​ចុះផ្សាយ តើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ទុក​នៅ​ឯណា​?

​ភ្នំពេញ​៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើង​ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​លោក​ថា «​ខ្ញុំ​មាន​ការចម្លែក​ចិត្ត ដែល​ឃើញ​មាន អង្គភាព និង​គណៈកម្មការ​ខ្លះ បាន​ប្រើ​សិទ្ធិ​អំណាច​ចេញ​ដីការ​ជា​បន្តបន្ទាប់ កោះហៅ​អ្នកសារព័ត៌មាន ឬ​ចាងហ្វាង​សារព័ត៌មាន ឱ្យ​ទៅ​បំភ្លឺ​ចំពោះ​អត្ថបទ​ដែល​កាសែត​បាន​ចុះផ្សាយ​។ តើ​យើង​កំពុង​ចង់បង្ហាញ​អ្វី​? ការពារ​ផលប្រយោជន៍​អ្វី​? តើ​យើង​បាន​យល់​ដឹង​ថា​មាន ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដែរ​ទេ​? ហើយ​តើ​យើង​កំពុង​ចង់​យក​ច្បាប់​នេះ​ទៅ​ទុក​ឯណា​?»​។​

​ការលើកឡើង​បែប​នេះ​ទំនង​ជា​លោក ហ៊ុយ វណ្ណៈ យល់ឃើញថា អង្គភាព និង​គណៈកម្មការ​ខ្លះ បាន​ប្រើ​សិទ្ធិ​អំណាច​ចេញ​ដីការ​ជា​បន្តបន្ទាប់ កោះហៅ​អ្នកសារព័ត៌មាន ដោយ​មើលរំលង​ច្បាប់​របប​សារព័ត៌មាន ដែល​ជា​ច្បាប់​ពិសេស​សម្រាប់​យកមក​អនុវត្ត​ន៍​លើ​អាជីព និង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន គ្រា​ដែល​ការផ្សាយ​របស់​ពួកគេ​មិន​ត្រូវបាន​មាន​ការទាមទារ​ឱ្យ​កែតម្រូវ​ចុះផ្សាយ​ស្រាយ​បំភ្លឺ​ឡើងវិញ​ពី​សាមីជន​ដែល​បាន​ខកខាន​មិន​បាន​ចូលរួម​បញ្ជាក់​នៅក្នុង​ខ្លឹមសារ​នៃ​ការផ្សាយ​កាលពី​លេខ​មុន ដែល​អ្នកកាសែត​បាន​ព្យាយាម ឬ​អំពាវនាវ​រក​ការ​ស្រាយ​បំភ្លឺ​មុន​ពេល​អស់លោក​ទាំងនោះ​ប្រតិកម្ម​។​

​បើ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មាត្រា ១០ បានចែង​ថា ៖ ជន​ណា​ម្នាក់​ដែល​យល់​ថា​អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូប​គំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈខុស​ពី​ការពិត​ធ្វើឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្តីថៃ្លថ្នូ​ររបស់​ខ្លួ​ន មាន​សិទិ្ធ​ទាមទារ​អោយ​សារព័ត៌មាន​នោះ​ធ្វើ​ការកែតម្រូវ ឬ​មាន​សិទិ្ធ​ឆ្លើយតប និង​ធើ្វបណ្តឹង ពី​បទ​បរិហាកេរិ៏ត ពី​បទ​មួលបង្កាច់ ឬ​ពី​បទ​ជេរ ប្រមាថ ចំពោះ​ការប៉ះពាល់​កិតិ្ត​យស និង​សេចក្តីថៃ្លថ្នូ​ររបស់​ខ្លួ​ន​។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថៃ្ង​(៧​ថៃ្ង​) យ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់ ក្រោយពី​បាន​ទទួល​ការទាមទារ​ឱ្យ​កែតម្រូវ ឬ​ឆ្លើយតប​។​

​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សាធារណៈ​គ្រប់ការ​ពោល​អះអាង ឬ​ការ​ទំលាក់កំហុស​ដែល​អ្នកសារព័ត៌មាន យក​មក​ចុះ​ផ្សាយ​ដោយផ្ទាល់ ឬ​ក៏​យក​មក​ចុះ​ផ្សាយ​បន្ត​ខុស​ពី​ការពិត​ក្នុង​បំណង​បំផ្លាញ​បុគ្គល​សារណៈ​នោះ​គឺជា​ការមួល​បង្កាច់ដែ​ល​ច្បាប់​ហាមឃាត់​។

​បើ​តុលាការ​រក​ឃើញ​ថា ការផ្សាយ​ណា មាន​លក្ខណៈខុស​ពី​ការពិត​តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី​តុលាការ អាច​បង្គាប់​អោយ​សារព័ត៌មាន​នោះ :
• ចុះផ្សាយ​នូវ​ការកែតម្រូវ ឬ​
• សង​ជម្ងឺ​ចិត្ត ឬ​
• ចុះផ្សាយ​នូវ​ការកែតម្រូវ​ផង និង​បង់​ប្រាក់​សង​ជម្ងឺ​ចិត្ត​ផង​។​
​អត្ថបទ​កែតម្រូវ​ដែល​អ្នកសារព័ត៌មាន មាន​កាតព្វកិច្ច​ផ្សាយ ត្រូវ​ចុះ​ផ្សា​នៅ​ទំព័រ​ដូចគ្នា និង​មាន​ទំហំ​អក្សរ​ប៉ុន​គ្នា និង​អត្ថបទ​ដែល​បាន​ចាត់ទុកថា ជា​អត្ថបទ ធ្វើអោយ​ខូចខាត​កិតិ្ត​យស និង​សេចក្តីថៃ្លថ្នូ​ររបស់​គេ លើសពី​នេះ​តុលាការ​អាច​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី មួយ​លាន​រៀល (១.០០០.០០០​រៀល​) ទៅ ប្រាំ លាន រៀល (៥.០០០.០០០​រៀល​) ទៀត​ក៏​បាន​។

​ម្យ៉ាងទៀត​ក្នុង​ករណី​ដែល​មាន​ការវិនិច្ឆ័យ​អំពី​អំពើ​ណាមួយ​ដែល​មានចែង​ក្នុង​កថាខ័ណ្ឌ​ខាងលើ តុលាការ​អាច​បញ្ជា​ឱ្យ​បិទ​ផ្សាយ​សេចក្តីសំរេច​របស់​ខ្លួន​នៅ​ទីក​នែ្ល​ង​ទាំងឡាយ​ដែល​តុលាការ​នឹង​បញ្ជាក់ ដោយ​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក​ចេញ​សោហ៊ុយ ហើយ​តុលាការ​អាច​ចុះផ្សាយ​សាលក្រម​នេះ​ក្នុង​សារព័ត៌មាន​មួយ ឬ​ច្រើន និង​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក ចេញ​សោហ៊ុយ​ទាំងអស់ ដោយ​កម្រិត​ត្រឹម​មួយ​លាន​រៀល (១.០០០.០០០​រៀល​) យ៉ាងច្រើន​បំផុត​។​

​សូម​រំលឹក​ថា ក្នុង​រយៈពេល​ចុងក្រោយ​ថ្មីៗ​នេះ​អ្នកកាសែត និង​ចាងហ្វាង​កាសែត​ចំនួន​ពីរ​រូប​ហើយ​ត្រូវ​បាន​រង​បណ្ដឹង និង​កោះហៅ​ពី​អង្គភាព និង​គណៈកម្មការ​ចំណុះឱ្យ​ស្ថាប័នរដ្ឋ ក្រោយ​ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​។​

​ការ​ដែល​មាន​ទិដ្ឋភាព​បែប​នេះ​មិនដឹងថា ភាគី​ទាំងពីរ​ដែល​ជា​អ្នកសារព័ត៌មាន និង​តួអង្គ​ត្រូវ​បាន​ចុះផ្សាយ​នោះ មើលរំលង ឬក៏​មាន​ភាពស្រពេចស្រពិល មិន​ទាន់​យល់​ច្បាស់​ពី​ខ្លឹមសារ​មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ឬ​យ៉ាងណា​នោះទេ​?​។ ហេតុដូចនេះ បើ​មាន​ការបកស្រាយ​ពី​អ្នកច្បាប់​ឱ្យបាន​ទូលំទូលាយ​លើ​បំណង​នៃ​មាត្រា ១០ នេះ​អាច​ជា​គុណប្រយោជន៍​ដល់​អ្នក​ដែល​ពាក់ព័ន្ធ និង​សាធារណៈជន សម្រាប់​ត្រិះរិះ​ពិចារណា​មុននឹង​ធ្វើ​ការសម្រេចចិត្ត​៕

 

Leave a Reply

Your email address will not be published. Required fields are marked *