ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសសាលដីកា សម្រេចដោះលែងអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ករណីធ្វើទារុណកម្មនិងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។សាលដីការបស់តុលាការកំពូលគឺសម្រេចដោះលែងជនត្រូវចោទជាបណ្តោះអាសន្នតាមបណ្តឹងសារទុក្ខដោយរង់ចាំសវនាការជំនុំជម្រះលើអង្គសេចក្តី។
សាលដីកានេះប្រកាសដោយឯកឧត្តមនិលណុនប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងឯកឧត្តមឈួនចាន់ថាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូលដោយកំបាំងមុខជនសង្ស័យឈ្មោះទេពហ៊ុយភេទប្រុសអាយុ៤២ឆ្នាំអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ។
សាលដីកាដោះលែងជនសង្ស័យទេពហ៊ុយឲ្យនៅក្រៅឃុំបណ្តោះអាសន្នបើមិនមានជាប់បទល្មើសអ្វីផ្សេងៗទេតុលាការបានដាក់កាតព្វកិច្ចមួយចំនួនដូចជា៖
១-មិនឲ្យចេញក្រៅប្រទេស
២-ប្រគល់លិខិតឆ្លងដែនឲ្យសាលាដំបូងខេត្តក្រចេះ
៣-ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះ.ក្រុងក្រចេះមួយខែម្តងគិតចាប់ពីខែសីហាតទៅ។
ជនសង្ស័យឈ្មោះទេពហ៊ុយអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះជាប់ចោទពីបទ.ទារុណកម្មនិងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះនិងបទគំរា.មកំហែងថានឹងសម្លា.ប់ប្រព្រឹត្តនៅហាងលាងហ៊ុយលក់រថយន្តម៉ូតូនិងលក់ទូរស័ព្ទដៃទំនើបចំណុចផ្លូវកណ្តាលភូមិត្រពាំងព្រីងសង្កាត់ក្រចេះក្រុងក្រចេះខេត្តក្រចេះកាលពីថ្ងៃទី២៧-២៨ខែតុលាឆ្នាំ២០២១ដែលបទល្មើសមានចែងតាមមាត្រា២១១មាត្រា២១៩និងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះកាលពីថ្ងៃទី០១វិច្ឆិកាឆ្នាំ២០២១ពេលនោះចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារបណ្ដោះអាសន្នតាមការចោទប្រកាន់ជាផ្លូវពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តករណីហិ.ង្សាលើក្មេងស្រី២នាក់ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនធ្វើឱ្យឆ្កែរបស់គាត់ងាប់។
សំណុំរឿងនេះមិនទាន់ត្រូវបានតុលាការថ្នាក់ក្រោមលើកយកមកកាត់សេចក្តីនៅឡើយទេតែជនសង្ស័យមិនអាចដេកក្នុងការឃុំរង់ចាំថ្ងៃកាត់ក្តីនោះបានក៏ដាក់ពាក្យប្តឹងឧទ្ធរណ៍និងប្តឹងសារទុក្ខដល់កំពូលរហូតមានសាលដីកាសម្រេចដោះលែងបណ្តោះអាសន្ននៅពេលនេះ៕






