- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១ និង​កម្រិត​២ ជំនាន់​ទី​១ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ​

នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១ និង​កម្រិត​២ ជំនាន់​ទី​១ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ឱ្យដឹងថា​វគ្គ​បណ្ដុះបណ្ដាល​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១ និង​កម្រិត​២ ជំនាន់​ទី​១ នេះ​ជា​ការអនុវត្ត​តាម​កម្ម​វិធី​កំណែទម្រង់ និង​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្រសួងមហាផ្ទៃ ពិសេស​ស្រប​តាម​ការយកចិត្តទុកដាក់​ពី សម្ដេច​ក្រឡាហោម ចំពោះ​ថ្នាក់ដឹកនាំ​នគរបាល​ដែល​មិនទាន់​បាន​ឆ្លងកាត់​វគ្គ​សិក្សា​ទាក់ទង​នឹង​ជំនាញ​នគរបាល​។ ឯកឧត្តម ឱ្យដឹង​ទៀត​ថា​សិក្ខាកាម​ទាំង​២​វគ្គ​នេះ បាន​ចាត់​បញ្ជូន​មក​ពី​អគ្គនាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត សរុប​ចំនួន​១១៩​នាក់ ស្រី​២​នាក់​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្ត​ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​តម្រង់​ទិស​សិក្ខាកាម​ឱ្យ​ទទួលបាន​ចំណេះដឹង​និង​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការបំពេញ​តួនាទី​ជា​ថ្នាក់ដឹកនាំ ទាំង​លើ​ជំនាញ​ដឹកនាំ បញ្ជា សន្តិសុខ គ្រប់គ្រង​កងកម្លាំង ថ្លែង​សុន្ទរកថា ដឹកនាំ​កិច្ចប្រជុំ ធ្វើ​ជំនួយស្មារតី ការងារ​ពិធីការ ការគោរព​គំនាប់ និង​របៀប​បំពេញការងារ និង​ការអប់រំ​ឱ្យមាន​អត្តចរិត​ល្អ អត់ធ្មត់ ស្មោះត្រង់ ក្លាហាន​មុះមត់ គោរព​វិន័យ ច្បាប់ ឋានានុក្រម ការចេះ​ធ្វើ​ការងារ​ជា​ក្រុម និង​ការងារ​ទំនាក់ទំនង​ជា​អន្តរ​បុគ្គល​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា អគ្គនាយកដ្ឋាន​នានា អង្គភាព មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ បន្ថែម​លើ​អ្វី​ដែល​បណ្ឌិត្យសភា​នគរ​បាល​បាន​ធ្វើ​ជា​ច្រើន​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ផ្នែក​នគរបាល​ជាតិ ដើម្បី​ធានា​ដល់​កិច្ចប្រតិបត្តិការ​និង​ការបំពេញ​បេស​កកម្មរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​បា​ន​ល្អប្រសើរ​ជូន​ជាតិ និង​ប្រជាជន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​យក​ឱកាស​នេះ​រម្លឹក​ឡើងវិញ​នូវ​អ្វី​ដែល​សម្ដេច ធ្លាប់​បាន​គូសបញ្ជាក់ អំពី​ការងារ​កំណែទម្រង់​នគរបាលជាតិ ដូច​ជា​ការជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ឱ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌ ការបណ្ដុះបណ្ដាល​និង​បញ្ចូល​ក្របខណ្ឌ ការតែងតាំង​និង​ប្រគល់​ភារកិច្ច រួម​ទាំង​ការ​តម្លើង​ស័ក្ដិ​និង​ការដាក់វិន័យ​ជាដើម​។ សម្ដេច បន្តថា​ការបណ្ដុះបណ្ដាល​សម្រាប់​ថ្នាក់ដឹកនាំ​មន្ត្រីនគរបាល​ដូច​ដែល​ទើបតែ​បញ្ចប់​នេះ ត្រូវតែ​បន្ត​ដំណើរការ​ទៅមុខទៀត ពីព្រោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការរៀនសូត្រ​នោះទេ​។

​ពាក់ព័ន្ធ​នឹង​ភាពចាំបាច់​នៃ​ការឆ្លងកាត់​ការបណ្ដុះបណ្ដាល​នេះ​ដែរ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ការបណ្ដុះបណ្ដាល​នេះ ម្យ៉ាង​គឺ​ដើម្បី​មុខមាត់​យើង​ម្នាក់ៗ​កុំឱ្យ​ពាក់​ផ្កាយ​តែ​អត់​បាន​រៀន​ប៉ូលិស ដែល​អាច​ធ្វើឱ្យ​បាត់​តម្លៃ និង​កិត្តិយស ហើយ​ថា​ការបណ្ដុះបណ្ដាល​នេះ ក៏​ដើម្បី​ជា​គម្រូ​សម្រាប់​កូនចៅ​ជា​មន្ត្រី​នគរបាល​។ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ការបណ្ដុះបណ្ដាល​នេះ​គឺជា​ការឆ្លើយតប​តាម​គោលការណ៍ ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ធ្វើយ៉ាងណា​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ​យើង ជា​កម្លាំង​មាន​ចំណេះ និង​ជំនាញ​ពិតប្រាកដ មាន​សីលធម៌ និង​គុណធម៌​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ផ្ដាំផ្ញើ​សិក្ខាកាម​ថា​បន្ទាប់ពី​បញ្ចប់​ការបណ្ដុះបណ្ដាល​នេះ​ទៅ ក៏​មិនមែន​មានន័យថា​បាន​រៀន​ហើយ​ក៏​ចប់​ដែរ ប៉ុន្តែ​ត្រូវ​រៀន​បន្ត​ដោយ​រៀន​លើ​ការងារ​ជាក់ស្ដែង ទោះជា​ធ្លាប់បាន​ធ្វើ​ការងារ​ជាក់ស្ដែង​ហើយ​ក៏​ដោយ តែ​ក្រោយ​ពី​រៀន​នេះ​ទៀត មន្ត្រី​ម្នាក់ៗ​ក៏​អាច​មាន​គំនិត​ថ្មីៗ​លើ​ការ​បន្ត​ការងារ​ជាក់ស្ដែង​ថែមទៀត​ដែរ​។ សម្ដេច បន្ថែម​ថា​ការរៀនសូត្រ​ចប់សព្វគ្រប់​នេះ ក៏​មិនមែន​មានន័យថា​ត្រូវតែ​ទទួលបាន​ការតាំង​ឬ​ឋានៈ​នោះដែរ ប៉ុន្តែ​គឺ​អាស្រ័យ​ទៅ​លើ​ការអនុវត្ត​ការងារ សីលធម៌ គុណធម៌ កិត្តិយស​។

​ពី​វេទិការ​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្ថានការណ៍​ពិភពលោក ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់ និង​អំពើ​ជួញដូរ​មនុស្ស កិច្ចសហប្រតិបត្តិការ​ប្រគល់​និង​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មក​ពី​អាមេរិក ការគ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា និង​ការងារ​មួយចំនួន​ពាក់ព័ន្ធ​ដំណើរការ​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំ​២០២២​នេះ និង​ការឈាន​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​៕​

Leave a Reply

Your email address will not be published. Required fields are marked *