ខេត្តក្រចេះ៖ សពជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត នៅក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ នៅក្រុងកំពង់សោម ត្រូវបានបញ្ជូនដល់ស្រុកកំណើត កាលពី វេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ឋត់នេះ មានឈ្មោះ ទេព ណី ភេទប្រុស អាយុ ៤៨ឆ្នាំ នឹងប្រពន្ឋឈ្មោះ ព្រុំ ដែន អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ដោយមានកាយកចិត្តទុកដាក់ពី សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តក្រចេះ រួមនិងក្រុមការងារថ្នាក់ជាតិ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩នេះ ឯកឧត្តម អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្រុមយុវជន សសយក ស្រុកសំបូរ បានអញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព។
មានប្រសាសន៍សំណេះសំណាល និងរំលែកទុក្ខ ជាមួយឪពុកម្តាយ និងបងប្អូននៃសព ឯកឧត្តម អ៊ុយ សំអាត បានសំដែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយមួយដែលមិនធ្លាប់មាន ដែលនេះមិនមែនជាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ តែវាគឺជាគ្រោះមហន្តរាយមួយដែលបង្កឡើងដោយមនុស្ស ដែលបានកើតឡើងនិងបានធ្វើឲ្យមនុស្សប្រមាណ ២៥ នាក់ហើយដែលបានស្លាប់ និងប្រមាណជាជាងម្ភៃនាក់ផ្សេងទៀត បានរងរបួស ដែលក្រុមជំនាញកាយរុករក មិនទាន់បានបញ្ចប់នៅឡើយ ដែលអាចនិងរកឃើញមានអ្នកស្លាប់ ជាបន្តទៀតនៅក្នុងគំនរនៃអគារដែលបានដួលរលំ ទាំង៧ជាន់នោះ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការរំលែកនូវមរណ:ទុក្ខជាមួយគ្រួសារសពផងដែរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបាន ប្រគល់នូវបច្ច័យបុណ្យសព ដោយក្នុងសពមួយទទួលបានថវិកាចំនួន ៥,០០០,០០០ រៀល (៥លានរៀល), អង្ករ ២០០គ.ក្រ, មី ៥ កេះ, ត្រីខ ៥ យួរ និងទឹកក្រូច ៥ កេះ ។
ដោយឡែកសម្រាប់សាខាខេត្តក្រចេះបានផ្តល់ជូនបន្ថែមដល់គ្រួសារសពរួមមាន: អង្ករ ៥០ គ.ក្រ, សារ៉ុង ២, ក្រម៉ា ២, មុង ២, ភួយ ២, មី ២ កេះ, ត្រីខ ២ យួរ, ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ, ស្កសរ ៦ គ.ក្រ និង ថវិកា ៤០០.០០០ រៀល (៤០ម៉ឺនរៀល)៕
សេក សក






