- ព័ត៌មានជាតិ

សមត្ថកិច្ច​កំណត់​ថា សាកសព​ឆេះ​ក្នុង​ភ្នក់ភ្លើង​ជាមួយ​ម៉ូតូ​១​គ្រឿង ក្នុង​ចំការកៅស៊ូ នៅ​ស្រុក​ស្នួល ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​

(​ក្រចេះ​)៖ យោង​តាម​សមត្ថកិច្ច​ជំនាញ បានឲ្យ​ដឹង​ដឹង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា សាកសព​ឆេះ​ក្នុង​ភ្នក់ភ្លើង ជាមួយ​ម៉ូតូ​១​គ្រឿង ក្នុង​ចំការកៅស៊ូ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ គឺជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​។​
​គួរបញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ប្រទេះ​ឃើញ សាកសព​ឆេះ​ក្នុង​ភ្នក់ភ្លើង ជាមួយ​ម៉ូត​១​គ្រឿង​ឆេះ​គ្មាន​សល់ ក្នុង​ចំការកៅស៊ូ​មួយកន្លែង ស្ថិតនៅ​ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ​ថា សាកសព​ដែល​នៅក្នុង​ភ្នក់ភ្លើង​នោះ ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ឈ្មោះ ខុម សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ សាកសព​ឈ្មោះ ឃុំ សិទ្ធ នេះ កាល​នៅ​រស់​ជា​មនុស្ស ប្រើប្រាស់​គ្រឿងញៀន​។​

​នគរបាល​បន្តទៀតថា បើ​តាម​បញ្ជាក់​ពី​ជីដូន​សាកសព បាន​បំភ្លឺថា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១០ ឈ្មោះ​ខុម សិទ្ធ បាន​សុំ​លុយ​ចំនួន ២០០០​រៀល (​ពីរ​ពាន់​រៀល )​ដើម្បី​ទៅ​កាប់​អុស នៅក្នុង​ចំការកៅស៊ូ​។ បន្ទាប់​មក​ជិះ​ម៉ូតូ​ចេញ​ទៅ ដោយ​មាន​កាំបិទ​ផ្កា​កមួយ​ទៅ​ជាមួយ ក៏​ចេញពី​ផ្ទះ​តែម្នាក់ឯង​។​

​លុះដល់​ម៉ោង​១២​កម្មករ​ចៀរ​ជ័រ បាន​ប្រទះឃើញ​សាកសព មិន​ស្គាល់​អត្តសញ្ញាណ បាន​ឆេះ​ស្លាប់​ក្បែម៉ូតូ​១​គ្រឿង (​ឆេះ​ខ្លោច​មើល​មិន​ស្គាល់​) រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ បន្ទាប់ពី​ទទួល​ដំណឹង​សមត្ថកិច្ច បាន​ចុះ​ទៅ​កន្លែងកើតហេតុ រួច​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​សញ្ជាតិ និង​អត្តសញ្ញាណ​សាកសព​។ ក្រោយមក​ទើប​សមត្ថកិច្ច បានដឹងថា សាកសព​ឆេះ​ស្លាប់​នោះ​ឈ្មោះ​ខុម សិទ្ធ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​នគរបាល​ជំនាញ បញ្ជាក់ទៀតថា តាម​ការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ នៅ​បន្សល់ទុក​សំបក​កំប៉ុង​ស្រា​បៀ​រកម្ព​ជា​ចំនួន​៣​កំប៉ុង ប្រអប់​ស្នោ​ចំនួន​១ ក្រៅពី​នេះ​គ្មាន​អ្វី​កត់សម្គាល់​ទេ ហើយ​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​សាកសព​រួច បានឲ្យដឹងថា ករណី​នេះ​ជា​ករណី​ឃាតកម្ម​គិត​ទុកជាមុន​។ ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុងតែ​ដុតដៃ​ដុតជើង បើក​ការស៊ើបអង្កេត លើ​ករណី​ខាងលើ​នេះ​៕
​សេក​សក​

Leave a Reply

Your email address will not be published. Required fields are marked *