- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម សុធី​ន ខ្លាំង​សែង (Sutin Klungsang) រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ និង​គណៈប្រតិភូ ចូលជួប​សំដែង​ការគួរសម

នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១​ធ្នូ ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុញាតិ​ឱ្យ​ឯកឧត្តម សុធី​ន ខ្លាំង​សែង រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​គណៈប្រតិភូ បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថៃ ដែល​បាន​ជ្រើសរើស​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ទី​១ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​និង​គណៈប្រតិភូ ក៏ដូចជា​ទស្សនកិច្ចរ​បស់​នាយករដ្ឋមន្ត្រី​ថៃ កាលពី​ខែកញ្ញា​កន្លងមកនេះ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់ របស់​ព្រះរាជាណាចក្រ​ថៃ ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្ដេច​តេជោ បាន​សម្ដែង​ក្ដីសង្ឃឹម​ថា ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ក្រសួង​ការពារជាតិ​ថៃ​នៅពេលនេះ នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស រវាង​កងទ័ព​ទាំង​ពីរ​។
​ឯកឧត្តម សុធី​ន ខ្លាំង​សែង បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់​ឯកឧត្តម បាន​ចូលជួប​សម្ដែង​ការគួរសម ក្នុងឱកាស​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជា​បន្តបន្ទាប់​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១​ធ្នូ និង​ជំនួប​សម្ដែង​ការគួរសម​ចំពោះ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​១​ធ្នូ នៅ​វិមាន​សន្តិភាព ក៏​ដូចជា​ក្នុង​ជំនួប​សម្ដែង​ការគួរសម​ស្និទ្ធស្នាល​ជាមួយនឹង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​កាន់តែ​រលូន រឹងមាំ​ជា​លំដាប់ ដោយ​ប្រទេស​ទាំង​ពីរ​បាន​ប្រើ​យន្តការ​ដែល​មាន​ស្រាប់​នា​ពេលកន្លងមក ដូចជា​៖ យន្តការ JBC ក្នុង​ការពង្រឹង​ទំនាក់ទំនង​ជា​លំដាប់​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ និង​គោរព​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ដឹកនាំ​នយោបាយ​នាំមក នូវ​សុខ​សន្តិភាព​ដល់​ប្រទេស និង​នាំមក​នូវ​ការកសាង​ប្រទេស​បាន​រីកលូតលាស់ មាន​ស្ថេរភាព​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច ប្រជាជន​រស់នៅ​ដោយ​សុខ​សប្បាយ មាន​ជីវភាព​កាន់តែ​ធូរធារ​ចម្រើន​រុងរឿង ហើយ​ការ​បន្តវេន​ទៅឱ្យ​ជំនាន់​ក្រោយ​ប្រកបដោយ​ភាពរលូន ដែល​បង្ហាញ​នូវ​កម្លាំង​រឹងមាំ​ក្នុង​ការបន្ត​ដឹកនាំ​ពី​អ្នក​ជំនាន់​មុន ហើយ​សង្ឃឹមថា ប្រទេស​កម្ពុជា និង​មាន​ការរីកចម្រើន​លូតលាស់​ជា​លំដាប់​យ៉ាង​ឆាប់រហ័ស ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​ការរីករាយ​ចំពោះ​លទ្ធផល​ពិភាក្សា​កន្លងមក ជាមួយនឹង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​ដូចជា​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ដែលជា​អ្នក​បន្តវេន​ពី​អ្នក​ជំនាន់​មុន ហើយ​សង្ឃឹមថា រដ្ឋាភិបាល​របស់​ថៃ​បច្ចុប្បន្ន និង​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​អ្នក​បន្តវេន​នៅ​កម្ពុជា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ជាពិសេស​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ធ្វើឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កា​រ​រឹងមាំ និង​លូតលាស់​ជា​លំដាប់ តាមរយៈ​ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរ​ទេសចរណ៍​តាម​ព្រំដែន ជាពិសេស​តួនាទី​សំខាន់​របស់​កងទ័ព ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នឹង​គ្នា ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថៃ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ក្រោយពី​បាន​ស្ដាប់​ប្រសាសន៍​ប្រកប​ដោយ​អត្ថន័យ ដែល​អាច​ជា​គំរូ​ដឹកនាំ ដោយ​ឯកឧត្តម​អាច​រៀនសូត្រ រៀបចំ​ការដឹកនាំ​នៅក្នុង​ប្រទេស​របស់​ឯកឧត្តម​ផងដែរ​។ ឯកឧត្តម បានចាត់ទុក​បទពិសោធ​ន៍​របស់​សម្ដេច​តេជោ មាន​សារៈសំខាន់​មិន​គ្រាន់តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នៅក្នុង​វេទិកា​ពិភពលោក ក៏​ដូចជា​ក្នុង​វេទិកា​អាស៊ាន​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​គោលនយោបាយ​ប្រែក្លាយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឲ្យទៅ​ជា​ព្រំដែន​មាន​សុខសន្តិភាព មាន​កិច្ច​សហ​ប្រត្តិការ និង​ការអភិវឌ្ឍ ហើយ​នឹង​គោលដៅ​ក្នុង​ការបញ្ចប់​មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ ដែល​ឯកឧត្តម​បាន​ឯកភាព ហើយ​សន្យា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កងទ័ព​ប្រទេស​ទាំង​ពីរ ក្នុង​ការដោះមីន​នៅ​តាម​ព្រំដែន​ឲ្យអស់ ដើម្បី​បង្កល់​លក្ខណៈ​ងាយស្រួល​ដល់​ការរស់​នៅ​របស់​ប្រជាជន ក្នុង​ការបង្កបង្កើន​ផល ក៏ដូចជា​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការបើក​ច្រកព្រំដែន ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​មាន​ទូលំទូលាយ​ថែមទៀត ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កងទ័ព​ទាំង​ពីរ ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​កន្លងមក បន្ត​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត លើ​យន្តការ​ដែល​មាន​ស្រាប់ បន្ថែម​លើ​យន្តការ JBC និង GBC គឺ​យើង​នៅ​មាន​យន្តការ​ជាច្រើន​ទៀត​ដូចជា​៖ GMS, ACMEC, CLMTV , ASEAN ។​ល​៕

 

Leave a Reply

Your email address will not be published. Required fields are marked *