- ព័ត៌មានជាតិ

តុលាការខេត្ត​កំពង់ស្ពឺ​សម្រេច​ឃុំខ្លួន​អតីតមន្ត្រី​ការិយាល័យ​សុរិយោដី​ស្រុក​សំរោង​ទង ក្រោយ​វាយប្រហារ​ថ្នាក់ដឹកនាំ​តាម​បណ្តាញ​សង្គម​

កំពង់ស្ពឺ​៖ អតីតមន្ត្រី​ការិយាល័យ​សុរិយោដី​ស្រុក​សំរោង​ទង លោក ឡុង សុភាព ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ​សម្រេច​ឃុំ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោយ​ពី​អតីតមន្ត្រី​រូបនេះ​បាន​បង្ហោះ​សារ​វាយប្រហារ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​ថ្នាក់ដឹកនាំ​។​

​យោងតាម​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​បាន​ឱ្យដឹងថា លោក ឡុង សុភាព ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ បន្ទាប់​ពី​បុគ្គល​រូបនេះ​បាន​បង្ហោះ​ព័ត៌មាន​បំផ្លើស​បំផ្លៃ វាយប្រហារ ថ្នាក់ដឹកនាំ ដែល​ចំណុច​នេះ​ធ្វើឱ្យ​មាន​ការរើសអើង​និង​ប៉ះពាល់​កិត្ដិយ​សសេចក្ដីថ្លៃថ្នូរ បុគ្គល​ដោយ​ចេតនា​។ លោក ឡុង សុភាព ត្រូវ​បាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ដោយសារ​តែ​ប្រព្រឹត្ដ​ខុស​ច្រើនលើក​ច្រើនសារ​មិន​អនុវត្ដ​តាម​ឋានានុក្រម​ការងារ មិន​បំពេញ​ការងារ សេរី​គ្មាន​ច្បាប់ ប្រព្រឹត្តិ​អំពើ​ពុករលួយ​ប៉ះពាល់​លើ​ការផ្ដល់សេវា ចែក​ព័ត៌មាន​សម្ងាត់រ​បស់​ម​ន្ទីរ​អង្គភាព​ចេញ​ទៅ​ខាងក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​មន្ត្រី​ខាង​លើ​ក៏​បាន​បន្ថែមទៀតថា ក្រោយ​ពី​បណ្តេញចេញ​អតីតមន្ត្រី​ការិយាល័យ​សុរិយោដី​រូបនេះ នៅតែ​បន្ត​សកម្មភាព​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​វាយប្រហារ​ម្តង​ហើយ ម្តង​ទៀត​មក​លើ​ថ្នាក់ដឹកនាំ​ខេត្ត ព្រោះតែ​មិន​សុខចិត្ត​និង​ការសម្រេច​លុបឈ្មោះ​របស់​ខ្លួន​ចេញពី​ក្របខ័ណ្ឌ​និង​បណ្តេញចេញ​ពី​អង្គភាព ទើប​តុលាការ​សម្រេច​នាំខ្លួន​មក​សួរនាំ​និង​ឃុំខ្លួន​តែម្តង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​លោក ឡុង សុភាព ត្រូវបាន​អតីត​អភិបាល​ស្រុក​សំរោង​ទង​លោក ស៊ីម រតនៈ សម្រេច​បណ្តេញចេញ​ពី​មន្ត្រី​សុរិយោដី​ស្រុក​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោយ​បុគ្គល​រូប​នេះ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថា​មាន​ភាពឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ និង​ប្រព្រឹត្តិ​អំពើពុករលួយ​។​

​ជុំវិញ​ការ​លុបឈ្មោះ​នេះ​លោក ឡុង សុភាព បានបង្ហាញ​ពហិការ​មិន​ព្រម​ទទួលយក ដោយ​អះអាង​ថា​ជាការ​បង្កាច់បង្ខូច ខ្លាច​ប៉ះ​ផលប្រយោជន៍ និង​ចាត់​ទុក​ដីកា​សម្រេច​នោះ​ឈរលើ​គំនុំ​។​បន្ទាប់មក​លោក​ក៏​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​គ្រប់​រូបភាព​ដើម្បី​អាច​ទទួលបាន​ក្របខ័ណ្ឌ​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *