- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ ប្រធាន​ក្រុមហ៊ុន Ehime Package ចូលជួប​សម្តែង​ការគួរសម​

(​ទីក្រុង​តូ​ក្យូ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក អ៉ិកា​វ៉ា ណោ​គិ (Ikawa Naoki) ប្រធាន​ក្រុមហ៊ុន Ehime Package ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក អ៉ិកា​វ៉ា ណោ​គិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការជ្រើសរើស​កម្ម​សិក្សា​ការី​ជនជាតិខ្មែរ មក​បំពេញ​ការងារ​នៅ​ប្រទេស​ជប៉ុន ក្នុង​រយៈកាល​ជាង ១០ ឆ្នាំ កន្លងមកនេះ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន Ehime Package ក៏​បាន​ជម្រាបជូន សម្តេចនាយក​រដ្ឋមន្ត្រី ផងដែរ​ថា តាមរយៈ​បទពិសោធន៍​ល្អ​ជាមួយ​ប្រជាជន​កម្ពុជា គឺ​ក្រុមហ៊ុន​កំពុង​មាន​បំណង​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​ទៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ផ្នែក​ឧស្សាហកម្ម​ផលិត​ទ្បាំង​ក្រដាស សម្រាប់​ធ្វើ​ការនាំចេញ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ehime Package និង​ការ​អរគុណ​ចំពោះ​បទពិសោធន៍ និង​ការយល់ឃើញ​ប្រកប​ដោយ​សុទិដ្ឋិនិយម​ចំពោះ​សក្តានុពល​របស់​ប្រទេស​កម្ពុជា ។ សម្តេច​ធិបតី​ក៏​បាន​បន្ថែមថា ស្របពេល​ដែល​ឆ្នាំ​២០២៣ នេះ គឺជា​ខួប ៧០ នៃ​ចំណង​ការទូត​កម្ពុជា​-​ជប៉ុន និង​ក៏​ជា​ឆ្នាំ​ដ៏​ពិសេស​នៃ​ការដំឡើង​កម្រិត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ទៅជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” សម្តេច​ធិបតី ក៏បាន​លើកឡើង​អំពី​គម្រោង​នៃ​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា ទិសដៅ​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ឯកជន ។

ក្នុងន័យនេះ សម្តេច​ធិបតី ក៏​បាន​សម្តែង​ការចាប់អារម្មណ៍​លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុង​ការផលិត​ក្រដាស​ចេញ​ពី​ផលិតផល​កសិកម្ម ស្របពេល​ដែល​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការផលិត​ទិន្នផល​កសិកម្ម​ជា​ផលិតផល​សម្រេច​បម្រើឱ្យ​ការនាំចេញ ដោយ​ក្នុងនេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យន្តការ និង​វិធានការ​មួយចំនួន រួម​មាន​ជាអាទិ៍ ការពង្រាយ​មន្ត្រី​កសិកម្ម​នៅ​គ្រប់​ឃុំ ទូទាំង​ប្រទេស​ដើម្បី​ជួយ​ដល់​ប្រជាកសិករ និង​ការបង្កើត​នូវ​សហគមន៍​កសិកម្ម​ទំនើប ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *