- ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ចើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត​
​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន ឱកាស​ដែល​សម្តេច​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​អាស៊ាន​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ​ដែល​បាន​មកជួប​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ នា​ឱកាស​នេះ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ឯកឧត្តម ហេង សួរ ដែល​បាន​រៀបចំ​ជាមួយ​ទូត និង​សមាគម​ខ្មែរ​នៅ​ជប៉ុន សម្រាប់​កម្មវិធី​ជួបជុំ​នាពេលនេះ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជូន​សារ​ទៅ​អ្នក​ដែល​គ្រោង​ប្រមូលគ្នា​ជេរ​សម្តេច​ថា ការសម្តែង​មតិ​ត្រូវធ្វើ​ដោយ​ថ្លៃថ្នូរ កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​។ ការអញ្ជើញ​របស់​ជប៉ុន និង​ការជួបជុំ​ជាមួយ​បងប្អូន​ជាង​២​ពាន​នាក់ នៅពេលនេះ គឺជា​ការបញ្ជូនសារ អំពី​ការទទួលស្គាល់​ថា សម្តេច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ស្រប​ច្បាប់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា ប្រជាពលរដ្ឋ​ជាង​៦​លាន​នាក់ ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែ​កក្កដា កន្លងទៅនេះ គឺជា​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​ដើម្បី ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​។​សម្តេច​បាន​រិះគន់​ទៅ​ម្សៀ​ចាស់​វស្សា ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​តាំង​ពី​សម្តេច​តេជោ រហូត​ដល់​កូន ហើយ​តាមដាន​សកម្មភាព​របស់​សម្តេច​ជាប់​រហូត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំ​ទៅ​អ្នក​ដែល​ចង់​ធ្វើបាតុកម្ម​សម្តែង​មតិ​ប្រឆាំង​សម្តេច នៅ​ថ្ងៃស្អែក ត្រូវ​គិត​ពី​មុខមាត់​ជាតិ និង​កុំឱ្យ​រំលោភ​ច្បាប់​របស់​ប្រទេស​ជប៉ុន ប្រយ័ត្ន​ប៉ះពាល់​ដល​ជប៉ុន រឿង​រិះគន់​ការ​ធ្វើ​នយោបាយ​ត​ជំនាន់​ពី​ឪពុក​ដល់​កូន​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្រាប់​ខ្មែរ​យើង​មិន​ថា​នៅ​អាមេរិក ឬ​ប្រទេស​ណា​ទេ យើង​គួរតែ​អបអរសាទរ​ដល់ សន្តិភាព​របស់​យើង​ដែល​កំពុង​មាន​នៅ​ពេល​នេះ​។ មកដល់​ឆ្នាំ​នេះ មាន​រយៈពេល​៧០​ឆ្នាំ​ហើយ សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ប៉ុន្តែ​ឆ្នាំ​នេះ ជា​កម្រិត​ខ្ពស់​បំផុត ដែល​ប្រទេស​ទាំង​ពីរ​បាន​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ សម្តេច​ធិបតី​បាន​ថ្លែងថា ថ្ងៃទី​២២ ខែ​ធ្នូ ខាងមុខនេះ សម្តេច​នឹង​សម្ពោធ​ផែ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះសីហនុ​។ ទស្សនកិច្ច​សម្តេច​នៅ​ក្រៅប្រទេស ចំណុច​សំខាន់​ជាង​គេ​ខាង​សេដ្ឋកិច្ច គឺ​ដើរ​ទាក់​ម៉ូយ គឺ​ផ្សព្វផ្សាយ​ពី​កម្ពុជា យើង​មាន​ផលិតផល​ត្រូវតែដើរ​ផ្សព្វផ្សាយ​ប្រាប់​គេ​ឱ្យដឹង​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា គោលដៅ​អាទិភាព​៣​ក្នុងចំណោម​៥ នៃ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ករណី​ក្រុមហ៊ុន​វីន​គ្រុប​លើកសំណើ​បើក​ក្រុមហ៊ុន​តាក់ស៊ី​នៅ​កម្ពុជា វា​ជា​រឿង​របស់​ក្រុមហ៊ុន ប៉ុន្តែ​សិទ្ធិ​ក្នុង​ការអនុញ្ញាត​ឱ្យ​បើក ឬ​មិន​បើក ជា​រឿង​របស់​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច​ធិបតី បានបញ្ជាក់​ថា រដ្ឋាភិបាល​បាន​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន វីន​គ្រុប បើក​ដំណើរការ​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នោះ​ទេ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលដៅ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ គឺ​ជួយ​បងប្អូន​អ្នករត់​តុ​តុ​។
​សម្តេច​ធិបតី បាន​ប្រាប់​ទៅ​អ្នក​រត់​កង់​បី និង​តុ​តុ កុំឱ្យ​មាន​ការព្រួយបារម្ភ​ចំពោះ​រឿង​តាក់ស៊ី​របស់​វៀតណាម​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លោក សម រង្ស៉ី ស្ងាត់​ជ្រាប ក្រោយ​ពេល​សម្តេច​បង្ហាញ​និក្ខេបបទ​ថ្នាក់​បណ្ឌិត ដែល​អាច​មាន​មូលហេតុ​ពីរ ទី​១. គឺ​និក្ខេបបទ​នោះ​ល្អ ទី​២. គឺ​គាត់​មិន​យល់​អំពី​និក្ខេបបទ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន​បរទេស ដែល​ទៅ​សិក្សា​ដើម្បី​វិនិយោគ ប៉ុន្តែ​មិនមែន​រាល់​គម្រោង​ទាំង​អស់ សុទ្ធតែ​អនុញ្ញាត​នោះទេ គឺ​មាន​ចំណុច ដែល​ត្រូវ​ហាមឃាត់ ដើម្បី​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ខ្មែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូម​បងប្អូន​ជឿជាក់​ចុះ ខ្ញុំ​ដឹកនាំ​ប្រទេស ដោយ​បន្ត​ថែរក្សា​សមិទ្ធផល​របស់ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច​តេជោ ក្នុង​អាណត្តិ​កន្លងទៅ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការងារ​របស់​រាជរដ្ឋាភិបាល គឺ​អាទិភាព​ធំ គឺ​បង្កើន​ការងារ​នៅក្នុង​ស្រុក តាមរយៈ​ការខិតខំ​ដើរ​ទាក់​ម៉ូយ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នរណាថា​កម្ពុជា​រណប​ប្រទេស​នេះ ប្រទេស​នោះ ថា​តែ​អ្នក​ឯង​ទៅ ប៉ុន្តែ​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង បណ្តុះបណ្តាល​ធនធាន​ឲ្យបាន​កាន់តែច្រើន​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​និស្សិត កម្មសិក្សាការី និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​បាន​ដើរតួនាទី ជា​អ្នកការទូត​ឱ្យ​កម្ពុជា ហើយ​ទទួលបាន​ការកោតសរសើ​រ​ពី​ជនជាតិ​ជប៉ុន​ថា ជា​ប្រជាជន​ដែល​ឧស្សាហ៍​ព្យាយាម​។ សម្តេច​ធិបតី ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​ប្រទេស​ជប៉ុន ឱ្យ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ពលករ និង​សិក្ខា​កម្ម​មកពី​ប្រទេស​កម្ពុជា​។​ក្នុងនាម រាជរដ្ឋាភិបាល ដែល​មាន​មន្ត្រី​ទូត​ជា​សេនាធិការ ត្រូវ​គាំពារ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​កម្ពុជា ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កាត់បន្ថយ​តម្លៃ​សេវា​បញ្ជូន​ពលករ ឱ្យ​កាន់តែ​ទាប​ជា​បច្ចុប្បន្ន​។ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ អត់​ដេក​ទេ គឺ​ដើរ​ទៅ​មុខ​ជា​និច្ច​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួងការបរទេស​សិក្សា ពិនិត្យ​លទ្ធភាព​បង្កើត​អគ្គ​កុងស៊ុល នៅ​អូ​សា​កា នាពេលខាងមុខ ដើម្បី​ងាយស្រួល​ផ្តល់​សេវា​ដល់​ពលករ និង​ពលរដ្ឋ​ខ្មែរ​
​។ សម្រាប់​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​ចង់​បន្ត​ប៉ាស្ព័រ អាច​ទៅ​ធ្វើ​នៅ​ស្ថានទូត​ខ្មែរ ក្នុង​ប្រទេស​កូរ៉េ​បាន ដោយ​មិនបាច់ចាំ​ចំណាយ​ថវិកា​ច្រើន ហោះ​ទៅកាន់​ប្រទេស​កម្ពុជា​។​
​សម្តេច​ធិបតី បាន​ណែនាំ​ឱ្យ​រៀបចំ​ពិធី​ចូលឆ្នាំ និង​បុ​ណ​ភ្ជុំបិណ្ឌ សម្រាប់​តំបន់​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន ក្នុង​ប្រទេស​ជប៉ុន​។ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅប្រទេស ត្រូវ​ប្រកាន់​នូវ​ភាពថ្លៃថ្នូ ធ្វើ​ជា​ប្រជាពលរដ្ឋ ដែល​មាន​អំណត់ និង​ស្មោះត្រង់ គោរព​ស្រលាញ់​សាសន៍​ផ្សេងៗ​៕


Leave a Reply

Your email address will not be published. Required fields are marked *