- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ នៅ​ខែ​ធ្នូ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ទិសដៅ​ការងារ​បន្ត​

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ លើក​ទី​២​នៃ​ខែ​ធ្នូ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក និង​លើក​ទិសដៅ​ការងារ​បន្ត​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ ដែល​បាន​ចុះ​អភិបាលកិច្ច និង​ពង្រឹង​បច្ចេកទេស លើកកម្ពស់​គុណភាព​សេវា​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​គុណភាព ប្រសិទ្ធភាព និង​សមធម៌​។ ថ្នាក់ដឹកនាំ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្សេងៗ ជា​តំណាង​ក្រសួង ទាំង​ក្នុងប្រទេស ក្រៅប្រទេស ត្រូវ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​ពិធីការ និង​កា​ទូត ព្រមទាំង​ត្រៀម​ឯកសារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

​ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​វិស័យ​សុខាភិបាល ជាពិសេស​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​មុន​ពេល​បម្រើ​ការងារ ដោយ​ធានា​ឱ្យបាន​នូវ​គុណភាព ប្រសិទ្ធភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរីកចំរើន​វិស័យ​សុខាភិបាល​នៅលើ​សកលលោក​។ ការធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ ត្រូវ​រៀបចំ​ឱ្យបាន​ច្បាស់លាស់​ទាំង​ការងារ​គ្រប់គ្រង​មន្ត្រីរាជការ ផែនការ និង​ការវិភាគ​មុខងារ​ត្រូវ​រៀបចំ​ឱ្យ​បានល្អ និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ទាន់ពេលវេលា​។​

​ការរៀបចំ​ស្តង់​ពិព័រណ៍​របស់​ក្រសួង​សុខាភិបាល ត្រូវ​សហការ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ និង​ផុសផុល ដើម្បី​អបអរសាទរ ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ខួប ៥ ឆ្នាំ នៃ​ការរៀបចំ​កសាង​វិមាន​ឈ្នះ ឈ្នះ នាពេល​ខាងមុខ​នេះ​។​

​កិច្ចប្រជុំ​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​ហ៊ី​ប្រី​ដ៍ Hybrid ដែល​មាន​ការអញ្ជើញ​ចូលរួម​ផ្ទាល់​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និង​អគ្គាធិការ​នៃ​ក្រសួង​សុខាភិបាល និង​ថ្នាក់​ដឹកនាំ​នៅ​រាជធានី​-​ខេត្ត តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​។​

Leave a Reply

Your email address will not be published. Required fields are marked *