- ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ តំណាង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ និង​ជា​ប្រធាន​ក្រុមហ៊ុន OBAYASHI CORPORATION ចូលជួប​សម្តែង​ការគួរសម​

(​ទីក្រុង​តូ​ក្យូ​) ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក អូ​បា​យ៉ា​ស៊ី តា​កេអុ (OBAYASHI TAKEO) ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ តំណាង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ និង​ជា​ប្រធាន​ក្រុមហ៊ុន OBAYASHI CORPORATION ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក អូ​បា​យ៉ា​ស៊ី តា​កេអុ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​សកម្មភាព​អាជីវកម្ម​របស់​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ ជាពិសេស សកម្មភាព​ការងារ​មួយចំនួន​ដែល​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា តួយ៉ាង​ដូចជា ការជួលជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ជ្រោយចង្វារ ជាដើម ។ ទន្ទឹមនេះ លោក​ប្រធាន បាន​ជម្រាប​ផងដែរ អំពី​បំណង​ពង្រីក​វិនិយោគ​របស់​ខ្លួន ក៏ដូចជា​ជំរុញ​ទឹកចិត្ត​ក្រុមហ៊ុន​ជប៉ុន​ដទៃ​ឱ្យ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ។ លោក​ប្រធាន ក៏​ជម្រាបជូន សម្តេច​ធិបតី ផងដែរ អំពី​គម្រោង​ពិព័រណ៍​សាកល​នៅក្នុង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ នា​ឆ្នាំ​២០២៤ ខាងមុខនេះ ជាមួយ​ក្តីសង្ឃឹម​ថា​កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​ជំនួប​ជាមួយ​លោក អូ​បា​យ៉ា​ស៊ី តា​កេអុ និង​សហការី ព្រមទាំង​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ ដែល​ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុន ឬ​សហគ្រាស​ជាច្រើន​ក្នុង​តំបន់​កាន់សៃ មានបំណង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ព្រម​ជាមួយ​នេះ សម្តេច បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​កម្ពុជា​ទៅ​ដល់​វិនិយោគិន​ជប៉ុ​ន ដើម្បី​ទទួលបាន​នូវ​ការចាប់អារម្មណ៍ និង​ឱកាស​ក្នុង​ការពង្រីក​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ។ ក្នុងឱកាស​នោះ សម្តេច​ធិបតី បាន​ជម្រាបជូន​ផងដែរ​ថា ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា នឹង​រៀបចំ​ក្នុង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​សាកល​ក្នុង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ នាពេល​ខាងមុខ​នេះ ។

លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​នៅ​ក្នុង​ការធានា​និរន្តរភាព​នៃ​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​វិនិយោគ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ យន្តការ​អនុវត្ត និង​ក្របខ័ណ្ឌ​គតិយុត្ត​ថ្មីៗ ព្រម​ជាមួយនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ឡូ​ជី​ស្ទីក​សំខាន់ៗ ដូចជា ផ្លូវ​លឿន ផ្លូវដែក និង​កំពង់ផែ ជាដើម ។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​សួន​ឧស្សាហកម្ម​កម្ពុជា​-​ជប៉ុន និង​ការកសាង​ផែនការមេ​ក្នុង​វិស័យ​ឡូ​ជី​ស្ទីក ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ជា​កំពង់ផែ​ស្នូល​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់ ។ បរិយាកាស​ទាំងនេះ ជា​ការជួយ​សម្រួល និង​ផ្តល់​នូវ​ការលើកទឹកចិត្ត​ប្រកបដោយ​ភាពអនុគ្រោះ និង​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ដែល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សហព័ន្ធ​សេដ្ឋកិច្ច​តំបន់​កាន់សៃ ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុន ឬ​សហគ្រាស​ខ្នាត​យក្ស ដែល​មាន​ទីតាំង​ក្នុង​តំបន់​កាន់សៃ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ក្នុងនោះ​រួមមាន​ចំនួន ៧ ខេត្ត ដូចជា ខេត្ត​អូ​សា​កា​, ខេត្ត​ក្យូ​តុ​, ខេត្ត​ហ្យូ​ហ្កុ​, ខេត្ត​ណា​រ៉ា​, ខេត្ត​ស៊ី​ហ្កា​, ខេត្ត​មិ​អិ និង​ខេត្ត​វ៉ា​កា​យ៉ាម៉ា ដោយ​ក្រុមហ៊ុន​យក្ស​ទាំងអស់នោះ សុទ្ធសឹង​មាន​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន ៕

Leave a Reply

Your email address will not be published. Required fields are marked *