- ព័ត៌មានជាតិ

ក្មេង​ទំនើង​៤​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ដាវ​កាំបិត​កាប់​គ្នា ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់

(​ភ្នំពេញ​)៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃតី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រើ​ដាវ និង​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​) ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​២​ករណី​ផ្សេង​គ្នា​។​

*​ករណី​ទី​១៖ កាលពី​យប់ ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់ ជិះ​ម៉ូតូ​១០​គ្រឿង បាន​ប្រើ​ដាវ និង​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ធ្ងន់​កែងដៃ និង​ក្រោម​ក្បាលជង្គង់​ធ្ងន់ធ្ងរ និង​បណ្តាលឲ្យ​ខូចខាត​ម៉ូតូ​យ៉ាង​ដំណំ នៅ​ចំណុច​ក្នុង​បុរី​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​រហូតមកដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការស្រាវជ្រាវ ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​បន្តបន្ទាប់ រួមមាន​៖ ឈ្មោះ ឆន វ៉ាន់​នុត អាយុ​១៥​ឆ្នាំ​, ឈ្មោះ ទូច រាជ​សី អាយុ​១៥​ឆ្នាំ និង​ឈ្មោះ ជា វ៉ាន់ឌី អាយុ​១៤​ឆ្នាំ​។​

*​ករណី​ទី​២៖ កាលពី​យប់ ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​១២​នាក់ ជិះ​ម៉ូតូ​ជិត​១០​គ្រឿង បាន​ប្រើ​ដាវ និង​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​វត្ត​ចាស់ ផ្លូវ​ទន្លេសាប ស្ថិត​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​រហូតមកដល់​វេលា​ម៉ោង​១១៖៥៥​នាទី ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការស្រាវជ្រាវ ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ស្រស់ ហៅ​ហ្វុង អាយុ​១៨​ឆ្នាំ​។​

​ចំណែក​បក្ខពួក​ក្មេងស្ទាវ​ទាំង​២​ក្រុម ដែល​នៅ​សេសសល់ និង​រត់គេច សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្ត​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *