- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត ឆ្នាំ​២០២៣-២០៣២

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត​ឆ្នាំ​២០២៣-២០៣២​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ផងដែរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានបញ្ជាក់​ថា សុខភាព​ផ្លូវចិត្ត គឺជា​សមាសធាតុ​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​របស់​យើងទាំងអស់គ្នា ជា​ការទទួលខុសត្រូវ​របស់​យើង​គ្រប់គ្នា ហើយក៏​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធានា​ឱ្យ​ធនធានមនុស្ស​ដែល​មាន​គុណភាព​ផងដែរ​។ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​មួយ​ត្រូវការ​ប្រជាជន​ដែល​មាន​សុខភាព​ល្អ រួមបញ្ចូល​សុខភាព ផ្លូវចិត្ត​ល្អ​ផង​ដែរ ដែល​ការលើកកម្ពស់​សុខភាព​ផ្លូវចិត្ត ពិតជា​បាន​រួមចំណែក​ក្នុង​ការកសាង​កំណើន​សេដ្ឋកិច្ច​រប​ស់បុ​គ្គល គ្រួសារ និង​សង្គមជាតិ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​នូវ​ប្រវត្តិ​នៃ​សោកនាដកម្ម ដោយសារ​សង្គ្រាម ដែល​បាន​ធ្វើឱ្យ​ប្រជាជន​ទូទៅ​ទទួលរង​នូវ​ការប៉ះទង្គិច​ផ្លូវចិត្ត និង​ឱ្យ​មាន​ការប៉ះពាល់​ដល់​ម​នុស្ស ត​ជំនាន់ ដោយ​ត្រូវ​យកចិត្តទុកដាក់​ផ្នែក​សុខភាព​ផ្លូវចិត្ត​ថែម​ទៀត​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផងដែរ​ថា ការ​ដែល​មាន​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ នៅ​មិន​គ្រប់គ្រាន់​ទេ បើសិនជា​យើង​មិន​បាន​ប្រែក្លាយ​វា​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង មានន័យ​ថា​សកម្មភាព​សំដៅ​ឆ្លុះបញ្ចាំង​ជាមួយ​ចក្ខុវិស័យ​ច្បាស់លាស់ និង​វាស់វែង​បាន និង​ចូលរួម​ដោយ​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការគាំទ្រ​ធនធាន មធ្យោបាយ​បន្ថែមទៀត​។

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ប្រើប្រាស់​ផែនទី​ចង្អុល​ផ្លូវ​នេះ​ដើម្បី​កៀរគរ​ថវិកា​ឱ្យមាន​ភាព​សមធម៌ ដើម្បី​អនុវត្ត​ផែនការ​រំកិល ៣​ឆ្នាំ ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ និង​អនុវត្ត​ផែនការ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​។​

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ផ្តល់​អនុសាសន៍​មួយចំនួន​ជា​បន្ថែម​៖
-​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​បង្ការ​ជំងឺ​ផ្លូវចិត្ត​
-​គ្រឹះស្ថាន​បណ្តុះបណ្តាល​សុខាភិបាល ត្រូវ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ឯកទេស​ជំងឺ ផ្លូវចិត្ត ជំនាញ​វេជ្ជសាស្ត្រ​សុខភាព​ផ្លូវចិត្ត និង​វិទ្យាសាស្ត្រ​នៃ​ឥរិយាបថ​ថ្មីៗ ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាជន ព្រមទាំង​ត្រូវ​ដាក់​បញ្ចូល​ផ្នែក​សុខភាព​ផ្លូវចិត្ត​សាធារណៈ ទៅ​ក្នុង​ការបណ្តុះបណ្តាល​ពាក់ព័ន្ធ​និង​សុខភាព​សាធារណៈ ដើម្បី​បង្កើន​ចំណេះដឹង ស្តីពី​សុខភាព​សាធារណៈ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
-​សេវា​សុខាភិបាល ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ពង្រីក​សេវា​ថែទាំ និង​ព្យាបាល​ជំងឺ​ផ្លូវចិត្ត ទាំង​សេវា​ពិគ្រោះ​ជំងឺផ្លូវចិត្ត និង​សេវា​ព្យាបាល​ជំងឺផ្លូវចិត្ត​សម្រាក​ពេទ្យ ឱ្យ​កាន់ តែ​ទូលំទូលាយ និង​មាន​ជម្រើស​ច្រើនយ៉ាង​សម្រាប់​ប្រជាជន ដើម្បី​ឈាន​ទៅ​កាន់ការ​គ្របដណ្តប់​សុខភាព​ជា​សកល​។​
-​គ្រប់​អង្គភាព​សុខាភិបាល​គួររៀបចំ​ឱ្យ​មាន​សេវា​ផ្តល់​ប្រឹក្សា​ផ្លូវចិត្ត​សម្រាប់​បុគ្គលិក ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការងារ​។​
-​ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ដើម្បី​គ្រប់គ្រង​សេវា​ឯកជន ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ផ្តល់​ការថែទាំ ព្យាបាល​ជំងឺផ្លូវចិត្ត ដោយ​មិន​ប្រើ​ឱសថ​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សុខភាព​ពិភពលោក ដែល​បាន​ខិតខំ​កៀរគរ​ធនធាន​ថវិកា និង​បច្ចេកទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​សុខភាព​ផ្លូវចិត្ត ២០២៣-២០៣២​នេះ​អោយ​បាន​ចេញ​ជា​ផ្លែផ្កា​។​

Leave a Reply

Your email address will not be published. Required fields are marked *