- ព័ត៌មានជាតិ

អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បន្ត​ចាប់​រថយន្ត​លួច​ដឹក​ឈើ​១​គ្រឿង​បំផ្លាញចោល​,​រីឯ​ឈើ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​តាម​ច្បាប់​

(​រតនគិរី​)៖​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​,​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័​រ​ព៌ណ​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ​រតនគិរី​២A-០១៤៩​ដឹកឈើ​ពេញ​ត្រង់​ចំណុច​និយាម​កា​(០៧៦០៣២៤-១៥១៨៥៥៦)​ក្នុង​ភូមិសាស្ត្រ​ភូមិ​សោម​ធំ​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។​

​លោក​វរសេនីយ៍ត្រី​សុខ មីន​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បាន​ប្រាប់​ភ្នាក់ងា​រទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​8HD​នៅ​រសៀល​ថ្ងៃ​ដដែល​(១៨​កក្កដា​)​នេះ​ថា​ក្នុងពេល​ប្រតិបត្តិការ​នោះ​អ្នកបើករថយន្ត​ដឹក​បទល្មើស​រត់គេចខ្លួន​បាត់​ហើយ​កម្លាំង​នាំ​វត្ថុតាង​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ​រួច​ធ្វើការ​វាស់វែង​ឃើញ​ឈើ​ធ្នង់​ចំនួន​៩៩៧​គីឡូក្រាម​ស្មើនឹង​០,៧៣៨​ម៉ែត្រគូប​។​

​លោក​វរសេនីយ៍ត្រី​សុខ មីន​ប្រាប់​បន្តថា​ឈើ​ធ្នង់​ខាងលើ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​បន្ត​,​មធ្យោបាយ​ដឹក​បទល្មើស​ក្រោម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេ​បញ្ជា​អាវុធហត្ថ​ខេត្ត​និង​មាន​ការសម្របសម្រួល​ពី​លោក​រ៉ា បូរ៉ាន់​ឌី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​បានធ្វើការ​បំផ្លាញចោល​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ដុត​បំផ្លាញ​រថយន្តដឹក​បទល្មើស​ឈើ​,​កាលពី​ព្រលប់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ​បាន​ដុត​បំផ្លាញ​រថយន្ត​ឡង់​គ្រីស័​រច្នៃ​២​គ្រឿង​ដូច្នេះ​សរុប​ទាំងអស់​មធ្យោបាយ​ដឹកឈើ​បាន​៣​គ្រឿង​ហើយ​៕​គឹម​សុវណ្ណរិទ្ធ​

Leave a Reply

Your email address will not be published. Required fields are marked *