មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក ប៉ូ ឬរិទ្ធី អនុប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកស្រី ដួង តារា ប្រធានរតនារគារខេត្ត រួមទាំងលោក លោកស្រីដែលទទួលបន្ទុកការងារហិរញ្ញវត្ថុនៃមន្ទីរជំនាញជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
លោក ប៉ូ ឬរិទ្ធី អនុប្រធាននាយកដ្ឋាន មានប្រសាសន៍ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលដៅគាំទ្រការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែល ជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
លោក អនុប្រធាននាយកដ្ឋាន បន្តថា ក្នុងពេលដ៏ខ្លីខាងមុខ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ចេញនូវប្រកាសពាក់ព័ន្ធនឹង ការបង្កើតអង្គភាពត្រួតពិនិត្យថវិកា ឱ្យនៅអមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីបំពេញមុខងារជាសេនាធិការលើការត្រួតពិនិត្យការអនុវត្តថវិកា និងការតាមដាន និងជំរុញការអនុវត្តចំណូលមិនមែនសារពើពន្ធរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងថា ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានមកដោយលំបាក ក៏ដូចជាការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលនឹងត្រូវអនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា និងក្នុងឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងក្នុងក្របខ័ណ្ឌ តំបន់ និងពិភពលោក ជាពិសេស ដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ទន្ទឹមនេះដែរ ថវិកាឆ្នាំ២០២៤ ក៏បានផ្ដោតការយកចិត្តទុកដាក់លើអាទិភាពគន្លឹះចំនួន៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះ មនុស្ស ត្រូវបានបន្តកំណត់យកជាអាទិភាព គន្លឹះទី១ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ដែលមានលក្ខណៈ ប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ៕






